អង្គភាពលោតឆ័ត្រយោងរបស់កងកម្លាំងស្វ័យការពារប្រទេសជប៉ុន បានអនុញ្ញាតឱ្យសាធារណជន ទស្សនាសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួន ដើម្បីការពារកោះដាច់ស្រយាលរបស់ប្រទេស។

កងពលទ័ពអាកាសទី១នៃកងកម្លាំងស្វ័យការពារជើងគោក មានភារកិច្ចចូលរួមក្នុងប្រតិបត្តិការ ដើម្បីដណ្តើមយកមកវិញកោះដាច់ស្រយាល ដែលត្រូវបានឈ្លានពានដោយកងកម្លាំងសត្រូវ ក្នុងចំណោមភារកិច្ចផ្សេងៗទៀត។

កងទ័ពមកពីប្រទេសចំនួន ១១ ផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានចូលរួមសមយុទ្ធប្រចាំឆ្នាំ នៅឯទីតាំងហ្វឹកហាត់មួយកន្លែងក្នុងខេត្ត Chiba ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ។ ប្រទេសហ្វីលីពីន និងអ៊ីតាលី បានចូលរួមសមយុទ្ធបែបនេះជាលើកដំបូង។
បុគ្គលិកប្រហែល១៥០នាក់ បានលោតឆ័ត្រយោងមកដីម្តងម្នាក់ៗពីយន្តហោះដឹកជញ្ជូន ក្នុងកម្ពស់៣៤០ម៉ែត្រ។
ក្រសួងការពារជាតិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក ជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលមានគំនិតដូចគ្នាដើម្បីការពារសន្តិភាពនិងសន្តិសុខ របស់ប្រទេសជប៉ុន។
ក្រសួង បាននិយាយថា សមយុទ្ធនេះមានគោលបំណងជំរុញការសម្របសម្រួលជាមួយប្រទេសចូលរួមទាំងនេះ។