ការិយាល័យសន្តិសុខជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា ជនជាតិតៃវ៉ាន់ដែលត្រូវបានចោទប្រកាន់ពីបទសង្ស័យថាធ្វើចារកម្មឱ្យប្រទេសចិន បានកើនឡើងមួយភាគបី ដល់ចំនួន ៦៤នាក់ កាលពីឆ្នាំមុន ដោយបន្ថែមថា ភាគច្រើននៃអ្នកទាំងនោះជាទាហានបច្ចុប្បន្ន ឬចូលនិវត្តន៍។

ប្រទេសចិន បានបង្កើនសម្ពាធផ្នែកនយោបាយ និងយោធាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីគាំទ្រការអះអាងសិទ្ធរបស់ខ្លួនលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ដោយនេះរួមបញ្ចូលទាំងសមយុទ្ធយោធាប្រចាំថ្ងៃ បាឡុងនៅជិតកោះ និងយុទ្ធនាការចារកម្ម។

របាយការណ៍របស់ការិយាល័យសន្តិសុខតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ (១២ មករា) បង្ហាញពីកំណើននៃចំនួនជនជាតិតៃវ៉ាន់ ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើចារកម្មសម្រាប់ប្រទេសចិន ដែលតំណាងឱ្យ "ការកើនឡើងគួរឱ្យកត់សម្គាល់" ពីតួលេខ ៤៨នាក់ក្នុងឆ្នាំ២០២៣ និងត្រឹមតែ ១០នាក់ក្នុងឆ្នាំ២០២២។

របាយការណ៍នេះមិនបានផ្តល់ការពន្យល់សម្រាប់ការកើនឡើងនៃចារម្មនោះទេ ហើយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។ ទីក្រុងប៉េកាំង មិនដែលបោះបង់ការប្រើកម្លាំងដើម្បីនាំយកកោះតៃវ៉ាន់ មកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ខណៈរដ្ឋាភិបាលក្រុងតៃប៉ិ បដិសេធ ហើយប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ខ្លួន៕