ទីភ្នាក់ងារទេសន្តរប្រវេសន៍អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីទីក្រុងមួយ នៅភាគខាងត្បូងប្រទេសស៊ូដង់ ចាប់តាំងពីការប៉ះទង្គិចគ្នា បានកើតឡើងកាលពីសប្តាហ៍មុន រវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ាដែលជាគូប្រជែង។

ជម្លោះនៅក្នុងប្រទេសស៊ូដង់ ដែលបានផ្ទុះឡើងនៅពាក់កណ្តាលខែមេសា ឆ្នាំ ២០២៣ បានធ្វើឲ្យកងកម្លាំងរបស់មេបញ្ជាការកងទ័ព Abdel Fattah Al-Burhan ប្រឆាំងនឹងអតីតអនុប្រធានរបស់ខ្លួន លោកMohamed Hamdan Dagalo ដែលដឹកនាំកងកម្លាំងគាំទ្ររហ័ស (RSF)។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) របស់អង្គការសហប្រជាជាតិ បាននិយាយថា ប្រជាជនចន្លោះ ពី១.000 ទៅ ៣.000គ្រួសារ ត្រូវបានផ្លាស់ទីលំនៅ ពីទីប្រជុំជន Um Rawaba នៅក្នុងរដ្ឋ North Kordofan នៅភាគខាងត្បូងនៃប្រទេសនេះ ក្នុងរយៈពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ។ ការប៉ះទង្គិចគ្នា បានកើតឡើង ក្នុងតំបន់នេះ កាលពីសប្តាហ៍មុន រវាងកងទ័ពនិងកងកម្លាំង RSF។ យោធាបានដឹកនាំការរុលចូលទៅមុខ នៅរដ្ឋ Al-Jazira ភាគកណ្តាលប្រទេសស៊ូដង់ ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគឦសាន។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) បាននិយាយថា ប្រជាជនទាំងនោះ បានភៀសខ្លួន ដោយសារតែការកើនឡើងនៃការព្រួយបារម្ភផ្នែកសន្តិសុខ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ នៅទូទាំងតំបន់»។
នៅក្នុងរដ្ឋ North Kordofan មនុស្សជាង ២០៥.000នាក់ ត្រូវបានផ្លាស់ទីលំនៅបច្ចុប្បន្ន។ នេះបើយោងតាមតួលេខចុងក្រោយរបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។