អ៊ីស្រាអែល បានធ្វើការវាយប្រហារផ្លូវអាកាស នៅក្នុងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ដោយផ្តោតលើតំបន់ភាគខាងកើត និងខាងត្បូង ដោយយោធាអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារគោលដៅរបស់ក្រុមហេសបូឡា រួមទាំងផ្លូវរត់ពន្ធតាមបណ្តោយព្រំដែនជាមួយប្រទេសស៊ីរី។

ការវាយប្រហារតាមអាកាស បានដាក់ភាពតានតឹងបន្ថែមទៀត ទៅលើបទឈប់បាញ់ដ៏ផុយស្រួយ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានចូលជាធរមាន កាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា។
ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់លីបង់ បាននិយាយថា យន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅទៅលើជាយក្រុង Janta ក្នុងតំបន់ Baalbek ភាគខាងកើត ក៏ដូចជាតំបន់មួយចំនួន នៅជិតទីក្រុង Nabatieh នៅភាគខាងត្បូង។ ទីភ្នាក់ងារនេះ មិនបានបញ្ជាក់ថាតើមានអ្នកស្លាប់ ឬអត់ទេ។
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅមួយចំនួន ដែលខ្លួនបានបង្ហាញដល់ក្រុមអ្នកឃ្លាំមើលបទឈប់បាញ់ថា ជាការគំរាមកំហែង។

យោធានេះ បានបញ្ជាក់ថា៖«ក្នុងចំណោមគោលដៅដែលបានវាយប្រហារ មានទីតាំងបាញ់គ្រាប់រ៉ូកែត ទីតាំងយោធា និងផ្លូវនៅតាមព្រំដែនស៊ីរី-លីបង់ ដែលត្រូវប្រើដើម្បីរត់ពន្ធអាវុធ ទៅឲ្យក្រុមហេសបូឡា»។
ការវាយប្រហារទាំងនេះ បានកើតឡើង ត្រឹមតែពីរសប្តាហ៍មុនកាលបរិច្ឆេទកំណត់ នៅថ្ងៃទី ២៦ ខែមករាសម្រាប់ការអនុវត្តបទឈប់បាញ់ខែវិច្ឆិកា ដែលភាគីទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភបំពាន។