រុស្ស៊ី បានអះអាងថា ខ្លួនបានវាយដណ្ដើមយកយកភូមិចំនួនពីរនៅភាគខាងកើតអ៊ុយក្រែន ជាទីដែលកងកម្លាំងទីក្រុងមូស្គូ បានវាយរុលទៅមុខជាលំដាប់អស់រយៈពេលជាច្រើនខែ ខណៈប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យសម្ព័ន្ធមិត្តផ្ដល់អាវុធទាំងអស់ដែលពួកគេបានសន្យាថានឹងបញ្ជូនទៅកាន់ទីក្រុងគីវ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ (១២ មករា) ថា ទាហានបានវាយយកភូមិ Yantarne ក្នុងតំបន់ Donetsk ភាគខាងកើតចម្ងាយប្រហែល ១០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Kurakhove ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់។

ក្រសួងការពារជាតិបន្ថែមថា ទាហានក៏បានដណ្តើមបានភូមិ Kalinove ក្នុងតំបន់ Kharkov ភាគឦសានផងដែរ។ មន្ត្រីអ៊ុយក្រែនម្នាក់ បាននិយាយកាលពីសប្ដាហ៍មុនថា កងកម្លាំងរុស្ស៊ី បានបង្កើតក្បាលស្ពាននៅច្រាំងខាងលិច បន្ទាប់ពីឆ្លងកាត់ទន្លេ ក្នុងការវាយរុលរបស់ខ្លួន។

កងទ័ពរុស្ស៊ី បានចំណាយពេលជាច្រើនខែក្នុងការប៉ុនប៉ងឆ្លងទន្លេហូរកាត់ទីក្រុង Kupiansk ដែលត្រូវអ៊ុយក្រែន ដណ្ដើមយកមកវិញ នៅក្នុងការវាយបករបស់ខ្លួនក្នុងឆ្នាំ២០២២៕