នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងនិយាយនៅថ្ងៃចន្ទនេះថា លោកចង់ឲ្យចក្រភពអង់គ្លេសក្លាយជាអ្នកនាំមុខគេសម្រាប់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងពិភពលោក ដោយសន្យាថា នឹងបង្កើតតំបន់ពិសេសសម្រាប់មជ្ឈមណ្ឌលទិន្នន័យ និងលើកទឹកចិត្តដល់និស្សិតបញ្ចប់ការសិក្សាបន្ថែមទៀត ឲ្យសិក្សាវគ្គសិក្សាដែលផ្តោតលើបច្ចេកវិទ្យា។

លោក Starmer នឹងនិយាយថា លោកចង់ដាក់ AI ជាផ្នែកដ៏សំខាន់នៃមហិច្ឆតារបស់ខ្លួន ក្នុងការធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន ខណៈដែលរដ្ឋាភិបាល នឹងអះអាងថា ប្រសិនបើបច្ចេកវិទ្យានេះ ត្រូវបានអនុម័តពេញលេញ វាអាចបង្កើនផលិតភាព១,៥ ភាគរយក្នុងមួយឆ្នាំ ដែលមានតម្លៃបន្ថែម ៤៧ពាន់លានផោន (៥៧ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលជាងមួយទសវត្សរ៍។

មុនពេលសុន្ទរកថានៅទីក្រុងឡុងដ៍ដោយ Starmer ស្តីពី AI រដ្ឋាភិបាល បានលើកឡើងថា ខ្លួននឹងទទួលយកអនុសាសន៍ទាំង ៥០ ដែលមានចែងក្នុងរបាយការណ៍គឺ «ផែនការសកម្មភាពឱកាស AI» ដោយវិនិយោគិន លោក Matt Clifford ដែលបានដាក់ជូនរដ្ឋាភិបាល កាលពីឆ្នាំមុន។
របាយការណ៍នេះ រួមបញ្ចូលទាំងការធ្វើឲ្យវាកាន់តែងាយស្រួល ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ដោយបង្កើនល្បឿនការអនុញ្ញាតឲ្យធ្វើផែនការ និងផ្តល់ឲ្យពួកគេនូវការតភ្ជាប់ថាមពលបាន។ មជ្ឈមណ្ឌលបែបនេះដំបូងគេ នឹងត្រូវសាងសង់ នៅទីក្រុង Culham រដ្ឋ Oxfordshire ដែលជាមូលដ្ឋានរបស់អាជ្ញាធរថាមពលបរិមាណូរបស់ចក្រភពអង់គ្លេស។