មន្ត្រី និងអ្នកជំនាញប៉ាឡេស្ទីន បានអះអាងប្រាប់សារព័ត៌មាន Arab News ថា អាជ្ញាធរប៉ាឡេស្ទីន កំពុងជួបប្រទះបញ្ហាប្រឈមសំខាន់ៗ និងការគំរាមកំហែងដល់ការរស់រានរបស់ប្រជាជន ដែលអាចបង្កគ្រោះថ្នាក់ដល់ស្ថិរភាពរបស់ខ្លួន។
ពួកគេបានចង្អុលបង្ហាញពីការគំរាមកំហែងដ៏គួរឲ្យព្រួយបារម្ភបំផុត ខណៈដែលរដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែល ដែលរួមមានរដ្ឋមន្ត្រីស្តាំនិយមជ្រុល និងនាយករដ្ឋមន្ត្រីដែលមានគោលនយោបាយ បដិសេធសិទ្ធិប៉ាឡេស្ទីន និងធ្វើឲ្យអាជ្ញាធរប៉ាឡេស្ទីន( PA) មានភាពផុយស្រួយរួចទៅហើយ កាន់តែចុះខ្សោយ។

អាជ្ញាធរប៉ាឡេស្ទីន ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Oslo រវាងអង្គការរំដោះប៉ាឡេស្ទីន និងអ៊ីស្រាអែល។ អាជ្ញាធរនេះ ត្រូវបានប្រគល់ភារកិច្ចឲ្យទទួលខុសត្រូវចំពោះជនជាតិប៉ាឡេស្ទីនប្រហែល ៥លាននាក់ ដែលរស់នៅក្នុងតំបន់វេសបែង ( West Bank) និង តំបន់ហ្កាហ្សាស្ទ្រីប (Gaza Strip) និងជាមួយនឹងការទទួលខុសត្រូវផ្នែកសេវាកម្មស៊ីវិលមានកម្រិតសម្រាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣៥០.000នាក់ ដែលរស់នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត និងសង្កាត់របស់ ខ្លួន។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរនេះ បានធ្វើឲ្យតំបន់ហ្កាហ្សាធ្លាក់ទៅលើក្រុមហាម៉ាស បានលុបចោលការបោះឆ្នោត និងក្លាយជាគូប្រជែងក្នុងតំបន់។ មេដឹកនាំដែលទន់ខ្សោយ រួមទាំងពីប្រធានអាជ្ញាធរ លោក ម៉ាខ្មូដ អាបាស ( Mahmoud Abbas) ឥឡូវនេះ មានវ័យ ៨៧ឆ្នាំហើយ បានធ្វើការតិចតួច ដើម្បីជួយប្រជាជនប៉ាឡេស្ទីន ។ នេះបើយោងតាមមន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
