ក្រសួងការបរទេសនិងជនបរទេសរបស់ប្រទេសហ្ស៊កដានី បានថ្កោលទោសការលុកលុយរបស់យោធាអ៊ីស្រាអែលដែលកំពុងបន្ត ចូលទៅក្នុងទីប្រជុំជនប៉ាឡេស្ទីន រួមទាំងការវាយប្រហារកាលពីថ្ងៃអង្គារ នៅទីក្រុងNablus និងរ៉ាម៉ាឡា ( Ramallah) ។
ទីភ្នាក់ងារសារព័ត៌មានហ្ស៊កដានី ឬ Petra បានដកស្រង់សេចក្តីថ្លែងការណ៍មួយ ដែលក្រសួងបានព្រមានថា ការកើនឡើងភាពតានតឹងផ្នែកយោធា នឹងនាំទៅរកការរីករាលដាលនៃអំពើហិង្សាថ្មី ដែល «មនុស្សគ្រប់គ្នា នឹងរងផលវិបាកដ៏ធ្ងន់ធ្ងរ ។
សារព័ត៌មាន Petra បានរាយការណ៍ថា ក្រសួងបានបញ្ជាក់ថា ការវាយឆ្មក់របស់អ៊ីស្រាអែល ចូលទៅក្នុងទីក្រុងប៉ាឡេស្ទីន និងវិធានការ ដើម្បីបន្តការកាន់កាប់ ចំពេលមានការជាប់គាំងជាបន្តបន្ទាប់ នៅក្នុងដំណើរការសន្តិភាព នឹងនាំឲ្យមានការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់ ដែលអ៊ីស្រាអែលនឹងទទួលខុសត្រូវ ចំពោះការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់។
ក្រសួងក៏បានសង្កត់ធ្ងន់ថា វាពិតជាចាំបាច់ណាស់សម្រាប់អ៊ីស្រាអែល ក្នុងការបញ្ឈប់រាល់ប្រតិបត្តិការយោធាប្រឆាំងនឹងប៉ាឡេស្ទីន និងរាល់វិធានការខុសច្បាប់ដែលបំផ្លាញដំណោះស្រាយរដ្ឋទាំងពីរ និង ឱកាសសម្រាប់សន្តិភាព។

