នាយករដ្ឋមន្ត្រី លោក Justin Trudeau បាននិយាយថា ប្រទេសកាណាដាបានត្រៀមខ្លួនជាស្រេច ក្នុងការឆ្លើយតបជាមួយនឹងយុទ្ធសាស្ត្រយកពន្ធតបវិញ ចំពោះសហរដ្ឋអាមេរិក ប្រសិនបើប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ធ្វើតាមការគំរាមកំហែងរបស់លោក ដោយការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្ម នៅអាមេរិកខាងជើង។
ដោយថ្លែងនៅឯកម្មវិធី Inside With Jen Psaki របស់ប្រព័ន្ធផ្សព្វផ្សាយ MSNBC លោកនាយករដ្ឋមន្ត្រីជិតចាកចេញពីតំណែងរូបនេះ បាននិយាយថា រដ្ឋាភិបាលរបស់លោក មិនស្វែងរកការមានជម្លោះពាណិជ្ជកម្មជាមួយរដ្ឋបាលថ្មីនោះទេ ប៉ុន្តែនឹងត្រូវតែតបតវិញ ប្រសិនបើសហរដ្ឋអាមេរិកដំឡើងពន្ធលើផលិតផលរបស់កាណាដា។

គួរបញ្ជាក់ថា យោងតាមទិន្នន័យនាំចេញរបស់ក្រសួងពាណិជ្ជកម្មអាមេរិក បានបង្ហាញថា កាណាដាទិញទំនិញផលិតដោយសហរដ្ឋអាមេរិកច្រើនជាងប្រទេសដទៃទៀត ដោយមានទំហំទឹកប្រាក់ប្រហែល ៣២០ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៤។ ឱនភាពពាណិជ្ជកម្មអាមេរិកលើទំនិញជាមួយកាណាដា មានចំនួន ៥៥ពាន់លានដុល្លារ ក្នុងអំឡុងពេលរយៈពេលនោះ។
លោក Trudeau បានសង្កត់ធ្ងន់ថា៖ «ដូចដែលយើងបានធ្វើកាលពីលើកមុន យើងត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបជាមួយនឹងការដំឡើងពន្ធគយតាមភាពចាំបាច់។ យើងជាដៃគូនាំចេញលេខ១ នៃរដ្ឋចំនួន ៣៥ផ្សេងៗគ្នារបស់សហរដ្ឋអាមេរិក ហើយអ្វីដែលបង្កឲ្យមានភាពស្មុគស្មាញដល់ព្រំដែន រវាងពួកយើង ត្រូវបញ្ចប់ត្រឹមតែផ្ដល់ការខាតបង់ដល់ពលរដ្ឋអាមេរិក និងការងារអាមេរិកប៉ុណ្ណោះ»។
នៅពេលដែលរដ្ឋបាលអាណត្តិដំបូងរបស់លោក Trump បានដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមក្នុងឆ្នាំ២០១៨ រដ្ឋាភិបាលកាណាដាបានដំឡើងពន្ធលើបញ្ជីទំនិញផលិតដោយសហរដ្ឋអាមេរិក ដែលរួមមានគ្រឿងប្រើប្រាស់ក្នុងផ្ទះ ស្រាវីស្គីអាមេរិកផលិតពីពោត និងទូក។ លើកនេះលោក Trump បាននិយាយថា លោកកំពុងពិចារណាដំឡើងពន្ធ ២៥ភាគរយចំពោះទំនិញនាំចូលពីម៉ិកស៊ិក និងកាណាដា៕
