អ្នកត្រូវបានជ្រើសរើសកាន់តំណែងអនុប្រធានាធិបតីអាមេរិក គឺលោក J.D. Vance បាននិយាយថា លោកជឿថា កិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា អាចនឹងឈានដល់ មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump វិលត្រលប់ទៅសេតវិមានវិញ ក្នុងរង្វង់មួយសប្តាហ៍ខាងមុខ។
សញ្ញានេះលេចឡើងនៅពេលដែលលោក Trump បានបង្កើនការគំរាមកំហែងកាន់តែខ្លាំងឡើងៗ ចំពោះក្រុមហាម៉ាសដែលសហរដ្ឋអាមេរិកកំណត់ជាក្រុមភេរវករ ឲ្យយល់ព្រមឈាន់ដល់កិច្ចព្រមព្រៀងចំណាប់ថ្នូរ មុនពេលមានពិធីស្បថឡើងកាន់តំណែងរបស់លោកនៅថ្ងៃទី២០ ខែមករា ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងផលវិបាកនានា។
ដោយនិយាយទៅកាន់កម្មវិធី Fox News កាលពីថ្ងៃអាទិត្យ (ទី១២ ខែមករា) លោក Vance បានប្រាប់ថា៖ «យើងសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងមួយ នៅជិតបញ្ចប់អាណត្តិនៃរដ្ឋបាលរបស់លោក Biden ដោយប្រហែលជា ១ថ្ងៃ ឬ ២ថ្ងៃចុងក្រោយ»។
លោក Steve Witkoff បេសកជនប្រចាំនៅតំបន់មជ្ឈិមបូព៌ានាពេលខាងមុខរបស់លោក Trump ថ្មីៗនេះបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល និងកាតា ដើម្បីចូលរួមក្នុងការចរចានានា។
នៅក្នុងបទសម្ភាសព័ត៌មានតាមទូរទស្សន៍ខ្សែកាបលើកដំបូងរបស់លោក គិតចាប់តាំងពីការបោះឆ្នោត លោក Vance បានបន្ថែមថា វោហាសាស្ត្ររបស់លោក Trump ដែលរួមមានទាំងការនិយាយថា នឹងមាន «ផលវិបាកយ៉ាងធ្ងន់ធ្ងរ» សម្រាប់ក្រុមហាម៉ាស បានធ្វើឲ្យលោកមានសុទិដ្ឋិនិយមកាន់តែខ្លាំងឡើងៗថា កិច្ចព្រមព្រៀងមួយ នឹងត្រូវបានឈានដល់ មុនពេលក្រុមរបស់ពួកគេចូលកាន់តំណែង៕