សារព័ត៌មាន ក្នុងស្រុក បានរាយការណ៍នៅថ្ងៃចន្ទ (ទី១៣ ខែមករា) នេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រាប់ប្រធានាធិបតីអាមេរិក លោក Joe Biden ថា ការព្រួយបារម្ភខ្លាំងត្រូវបានលើកឡើង ជុំវិញការសម្រេចចិត្តរបស់លោក ក្នុងការរារាំងក្រុមហ៊ុន Nippon Steel មិនឲ្យទិញក្រុមហ៊ុនថែកថែប US Steel របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ លោក Biden បានបញ្ឈប់ដំណើរការលក់តម្លៃ ១៤,៩ពាន់លានដុល្លារអាមេរិក និងបានធ្វើឲ្យសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោនអាក់អន់ចិត្ត។
បន្ទាប់ពីការជជែកតាមទូរសព្ទជាមួយលោក Biden និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos លោក Ishiba បានប្រាប់អ្នកសារព័ត៌មានថ្ងៃទី១៣ ខែមករានេះថា៖ «ខ្ញុំបាននិយាយថា សំឡេងនៃការព្រួយបារម្ភ កំពុងត្រូវបានលើកឡើង មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងសហគមន៍ធុរកិច្ចសហរដ្ឋអាមេរិកផងដែរ ហើយខ្ញុំបានជំរុញឲ្យ (លោក Biden) ជួយរំសាយអារម្មណ៍កង្វល់ទាំងនេះ»។
ក្រោយមានការរារាំងនេះ ក្រុមហ៊ុនថែកថែបទាំង២ បានចាប់ផ្តើមវិធានការផ្លូវច្បាប់ ដោយចោទប្រកាន់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ ពីបទ «ជ្រៀតជ្រែកដោយខុសច្បាប់»៕


