សេវាជួយសង្គ្រោះក្នុងរដ្ឋ Minas Gerais បាននិយាយកាលពីថ្ងៃទី១២ ខែមករាថា បំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ ស្លាប់។
ការិយាល័យអភិបាលក្រុង បានបញ្ជាក់ថា មនុស្ស ៩នាក់ បានបាត់បង់ជីវិត នៅក្នុងទីក្រុង Ipatinga ជាកន្លែងដែលមានកម្រិតទឹកភ្លៀង ៨០មីលីម៉ែត្រ ក្នុងរយៈពេល ១ម៉ោង កាលយប់ថ្ងៃទី១១ ខែមករា។
ក្រុមអ្នកពន្លត់អគ្គិភ័យ បានទាញសាកសពក្មេងប្រុសម្នាក់អាយុ ៨ឆ្នាំ ចេញពីគំនរបាក់បែកនៃផ្ទះដែលត្រូវបានបំផ្លាញដោយបំណាក់ដី។ បំណាក់ដីមួយកន្លែងទៀត បានបំផ្លាញបំផ្លាញអ្វីៗគ្រប់យ៉ាង នៅតាមបណ្តោយផ្លូវមួយ នៅជើងភ្នំ ក្នុងសង្កាត់ Bethania នៃទីក្រុងនេះ។

រូបភាពជាច្រើនរបស់សារព័ត៌មាន AFP ពីកន្លែងកើតហេតុ បានបង្ហាញពីកម្ទេចថ្មផ្ទះដែលលេចចេញពីល្បាប់ភក់។ គិតត្រឹមល្ងាចថ្ងៃទី១២ ខែមករា មនុស្សម្នាក់មកពីតំបន់នោះ នៅតែបាត់ខ្លួន ទោះបីជាសមាជិកគ្រួសាររបស់ជនរងគ្រោះចំនួន ៤នាក់ ត្រូវបានជួយសង្គ្រោះក៏ដោយ។
សាកសពមនុស្សម្នាក់ ក៏ត្រូវបានរកឃើញផងដែរ នៅក្នុងទីក្រុង Santana do Paraiso ក្បែរនោះ។ អភិបាលរដ្ឋ Minas Gerais លោក Romeu Zema បានផ្ញើសារបង្ហាញពី «សាមគ្គីភាពជាមួយជនរងគ្រោះ"» តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះនៅលើបណ្ដាញសង្គម៕

