គុយបា៖ យន្តហោះផ្ទុកស្បៀងអាហារជិត ១០តោនបានមកដល់ប្រទេសគុយបាកាលពីថ្ងៃសុក្រ ខណៈដែលអង្គការមិនមែនរដ្ឋាភិបាលសម្លឹងទៅរកការគាំទ្រប្រជាជន និងបង្ហាញពីការមិនយល់ស្របរបស់ពួកគេ ចំពោះទណ្ឌកម្មដែលបានដាក់ដោយសហរដ្ឋអាមេរិក។ ទំនិញដែលប្រគល់នោះមានត្រីខកំប៉ុង និងប៉ាស្តាក្នុងចំណោមស្បៀងអាហារដទៃទៀត ប៉ុន្តែម្ចាស់ជំនួយបានបង្ហាញថា នៅពេលក្រោយនឹងត្រូវបានបំពេញបន្ថែមដោយទឹកដោះគោ និងប្រេងឆា។

ផលិតផលជាមូលដ្ឋានទាំងនេះតែងតែខ្វះខាតនៅលើកោះនេះ។ បុគ្គលិកអង្គការ Code Pink ដែលជាម្ចាស់ជំនួយបាននិយាយថា លោកស្រីមិនពេញចិត្តចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះទេ។ លោកស្រីនិយាយថា ការដឹកជញ្ជូននៅពេលនេះគឺអាចធ្វើទៅបានដោយសារតែមនុស្សមួយក្រុមតូច ដែលប្រឆាំងទៅនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក។ លោកស្រីនិយាយថា វាមិនមែនជាគោលនយោបាយដែលតំណាងឲ្យប្រជាជនសហរដ្ឋអាមេរិកនោះទេ។ ជំនួយនេះត្រូវបានទទួលដោយមជ្ឈមណ្ឌល Martin Luther King ក្នុងទីក្រុងឡាហាវ៉ាន់ដែលជាស្ថាប័នផ្សព្វផ្សាយសាសនា ហើយនឹងត្រូវបញ្ជូនទៅខេត្តភាគខាងកើត។ នាយកមជ្ឈមណ្ឌល Martin Luther King បាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្នមិនបានផ្លាស់ប្ដូរអ្វីពីគោលនយោបាយឈ្លានពាន មិនស្រឡាញ់ និងមិនមែនជាគោលនយោបាយសាសនាគ្រឹស្តនោះទេ៕
អត្ថបទ៖ ប៊ុនថន