កូដកម្មទូទាំងប្រទេស ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍ដែលអាចកើតមាន នៅបែលហ្ស៊ិក នាថ្ងៃចន្ទ (ទី១៣ ខែមករា) នេះ បានរំខានយ៉ាងខ្លាំងដល់ចរាចរណ៍ផ្លូវអាកាស និងផ្លូវដែក ហើយសាលារៀនជាច្រើន នៅតែបិទដដែល។
ស្ទើរតែពាក់កណ្តាលនៃជើងហោះហើរទាំងអស់ នៅអាកាសយានដ្ឋានទីក្រុងក្រុងប្រ៊ុចសែល ត្រូវបានលុបចោល ដោយសារអ្នកលើកអីវ៉ាន់ សន្តិសុខ និងកម្មករ នៅព្រលានយន្តហោះផ្សេងទៀត បាននាំគ្នាធ្វើកូដកម្ម ខណៈដែលប្រតិបត្តិកររថភ្លើងជាតិ NMBS បានប្រាប់ថា ខ្លួនកំពុងប្រតិបត្តិការដោយមានចំនួនកំណត់នៃសេវារថភ្លើងទូទាំងប្រទេស។

ការដឹកជញ្ជូនសាធារណៈ នៅក្នុងរដ្ឋធានីប្រ៊ុចសែល ក៏រងផលប៉ះពាល់ខ្លាំងផងដែរ។ សាលារៀនត្រូវបានផ្អាក ដោយគ្រូបង្រៀនរាប់ម៉ឺននាក់ត្រូវបានរំពឹងថា នឹងចូលរួមក្នុងការប្រមូលផ្តុំថ្នាក់ជាតិ នៅទីក្រុងប្រ៊ុចសែល ដើម្បីតវ៉ានឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍ដែលកំពុងត្រូវបានពិភាក្សាដោយភាគីនានា ដែលព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតខែមិថុនា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា កិច្ចពិភាក្សាបង្កើតរដ្ឋាភិបាល បានអូសបន្លាយពេលអស់ជាច្រើនខែមកហើយ ដោយមិនមានវឌ្ឍនភាពពិតប្រាកដណាមួយនៅឡើយទេ ដោយសារតែភាគីចរចាទាំង៥ នៅតែបន្តមិនយល់ស្របគ្នា ជុំវិញបញ្ហាហិរញ្ញវត្ថុរដ្ឋាភិបាល និងកំណែទម្រង់ប្រាក់សោធននិវត្តន៍ដ៏ចម្រូងចម្រាស៕

