កាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកជិះស្គី ៣នាក់ ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍បំណាក់ផ្ទាំងទឹកកកនៅភ្នំ Alps ស្ថិតក្នុងតំបន់ Piedmont របស់ប្រទេសអ៊ីតាលី ។
ក្រុមអាជ្ញាធរបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរទទួលរងអំឡុងពេលបំណាក់ផ្ទាំងទឹកកក ។
យោងតាមការអះអាងរបស់ក្រុមជួយសង្រ្គោះភ្នំ Alps បានឲ្យដឹងថា បំណាក់ផ្ទាំងទឹកកក បានបាក់សង្កត់លើអ្នកជិះស្គី ៥នាក់ ។ អ្នករស់រាន ២នាក់ ត្រូវបានជួយសង្រ្គោះ និងដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ។
ខណៈពេលនោះដែរ នៅលើភ្នំ Adamello ប្រតិបត្តិការរុករកអ្នកឡើងភ្នំបាត់ខ្លួនម្នាក់ ត្រូវបានផ្អាកបណ្តោះអាសន្នដោយសារស្ថានភាពអាកាសធាតុអាក្រក់ ។
ក្រុមការងារជួយសង្រ្គោះ បានប្រឹងប្រែងក្រោមកាលៈទេសៈដ៏លំបាក ប៉ុន្តែពួកគេនៅតែពុំទាន់អាចរកឃើញអ្នកឡើងភ្នំបាត់ខ្លួន មុនពេលផ្អាកការងាររុករករបស់ពួកគេ ៕

