ប្រធានមន្ទីរអប់រំស្រុក Los Angeles លោក Alberto Carvalho បាននិយាយកាលពីថ្ងៃអាទិត្យថា សាលារៀន និងការិយាល័យអប់រំទាំងអស់ នឹងត្រូវបើកទ្វារឡើងវិញ លើកលែងតែសាលារៀនស្ថិតក្នុងតំបន់ជម្លៀសខ្លួនបណ្តោះអាសន្នប៉ុណ្ណោះ ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមទប់ស្កាត់ការរីករាលដាលភ្លើងឆេះព្រៃធំៗ ចំនួន២កន្លែងនៅទីក្រុង Los Angeles ដែលបានឆាបអស់រយៈពេល ៦ថ្ងៃមកហើយ ។
លោក Carvalho បានធ្វើសេចក្តីប្រកាសបែបនេះ ក្រោយការបិទសាលារៀនធ្វើឲ្យប៉ះពាល់ដល់សិស្សសាលា ៤២៩.០០០នាក់ នៅទីក្រុង Los Angeles ។
មនុស្សយ៉ាងហោច ២៤នាក់ បានស្លាប់ នៅក្នុងករណីភ្លើងឆេះព្រៃដែលអភិបាលរដ្ឋ California លោក Gavin Newsom និយាយថា វាអាចជាគ្រោះមហន្តរាយធម្មជាតិបំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក និងជាករណីភ្លើងឆេះព្រៃ ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋរាប់ម៉ឺនខ្នង និងបង្ខំឲ្យមនុស្ស ១០ម៉ឺននាក់ជម្លៀសខ្លួន ។
ភ្លើងឆេះព្រៃ បានធ្វើឲ្យស្រុកទាំងមូលក្លាយជាកម្ទេចកម្ទីផេះ ខណៈក្រុមមន្រ្តី និយាយថា ផ្ទះសម្បែងប្រជាពលរដ្ឋ ១២.៣០០ខ្នង រងការបំផ្លិចបំផ្លាញ និងរងការខូចខាត ។
គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ មនុស្សជាង ១០ម៉ឺននាក់ រស់នៅក្នុងស្រុក Los Angeles ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួន ខណៈពលរដ្ឋ ៨៧.០០០នាក់ផ្សេងទៀត ប្រឈមនឹងការព្រមានឲ្យជម្លៀសខ្លួន ៕

