មីយ៉ាន់ម៉ា៖ ប្រធានអង្គការយន្តការស៊ើបអង្កេតឯករាជ្យសហភាពមីយ៉ាន់ម៉ាលោក Nichols Koumjian បាននិយាយកាលពីថ្ងៃសុក្រថា ការពិតបង្ហាញពីការវាយប្រហារយ៉ាងទូលំទូលាយ និងជាប្រព័ន្ធទៅលើប្រជាជនស៊ីវិល ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រព្រឹត្តដោយកងកម្លាំងសន្តិសុខសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈ។

លោក Koumjian បាននិយាយថា យើងនឹងបន្តប្រមូលភស្តុតាងហើយវិភាគវាដើម្បីបំពេញកាតព្វកិច្ចរបស់យើង ដូច្នេះនៅថ្ងៃណាមួយអ្នកទទួលខុសត្រូវសម្រាប់ឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ នៅក្នុងសហភាពមីយ៉ាន់ម៉ានឹងត្រូវយកមកកាត់ទោស។ លោកបានពន្យល់ថា នៅក្នុងខែដំបូង ឬបន្តបន្ទាប់នេះ កងកម្លាំងសន្តិសុខបានអនុវត្តការឆ្លើយតបតាមវិធានការ សំដៅទៅរកបាតុកម្មប្រឆាំងរដ្ឋប្រហារ។ ទោះជាយ៉ាងណា ក្រោយរដ្ឋប្រហារយើងបានឃើញការកើនឡើងអំពើហិង្សា និងវិធីសាស្ត្រហិង្សាជាច្រើនទៀតដែលបានប្រើដើម្បីបង្ក្រាបក្រុមបាតុករ ហើយការបង្ក្រាបបានកើតឡើងនៅកន្លែងផ្សេងៗគ្នាក្នុងពេលតែមួយ ដែលក្រុមស៊ើបអង្កេតរបស់យើងបានមើលឃើញថា ក្រុមពិសេសត្រូវបានកំណត់គោលដៅជាពិសេសការចាប់ខ្លួន និងការឃុំខ្លួនដែលហាក់មិនមានដំណើរការត្រឹមត្រូវតាមច្បាប់។
អ្នកដែលត្រូវឃុំខ្លួនទាំងនេះ រួមមានទាំងអ្នកសារព័ត៌មាន បុគ្គលិកពេទ្យ និងអ្នកប្រឆាំងនយោបាយ។ ដោយត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៨ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការយន្តការស៊ើបអង្កេតឯករាជ្យ សម្រាប់សហភាពមីយ៉ាន់ម៉ាមានកាតព្វកិច្ចក្នុងការបង្រួបបង្រួម អភិរក្ស និងវិភាគភស្តុតាងនៃឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបំផុត និងការបំពានច្បាប់អន្តរជាតិ ដែលបានប្រព្រឹត្តនៅក្នុងសហភាពមីយ៉ាន់ម៉ាចាប់តាំងពីឆ្នាំ២០១១ និងដើម្បីរៀបចំឯកសារជួយដល់ដំណើរការឧក្រិដ្ឋកម្មឯករាជ្យណាមួយ ស្របតាមស្តង់ដារច្បាប់អន្តរជាតិ៕
អត្ថបទ៖ ប៊ុនថន