រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson នៅថ្ងៃចន្ទ (ទី១៣ ខែមករា) នេះ បាននិយាយថា ប្រទេសសមាជិកថ្មីបំផុតរបស់អង្គការណាតូ (NATO) មួយនេះ នឹងធ្វើការសាកល្បងបច្ចេកវិទ្យាបញ្ជាឲ្យយានដ្រូនច្រើនគ្រឿងធ្វើការរួមគ្នា ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតឧបករណ៍ផ្នែកការពារជាតិ Saab និងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអឺរ៉ុបខាងជើងមួយនេះ។
លោក Jonson បានប្រាប់សន្និសីទសារព័ត៌មានថា កងទ័ពនឹងសាកល្បងបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន អំឡុងពេលធ្វើសមយុទ្ធឈ្មោះ «Arctic Strike» នាពេលខាងមុខ។ លោកបាននិយាយថា៖ «យើងនឹងត្រូវតែប្រឈមជាមួយនឹងហានិភ័យមួយចំនួន ដើម្បីកសាងសមត្ថភាពការពារជាតិរឹងមាំជាងមុន លឿនជាងការផលិតធម្មតារបស់យើង»។
លោក Jonson បានបញ្ជាក់បន្ថែមថា៖ «បច្ចេកវិទ្យានេះអនុញ្ញាតឲ្យយានដ្រូនច្រើនគ្រឿងទំហំខុសៗគ្នា បង្កើតជាក្រុម និងបន្ទាប់មក បំពេញភារកិច្ចដោយស្វ័យភាព។ ដោយមានយានដ្រូនជាក្រុមទាំងនេះ វាអាចធ្វើប្រតិបត្តិការទាំងឈ្លបយកការណ៍ កំណត់ទីតាំង និងកំណត់អត្តសញ្ញាណ»។
គួរបញ្ជាក់ថា ស៊ុយអែតបានចូលរួមជាមួយសម្ព័ន្ធការពារជាតិលោកខាងលិច គឺអង្គការណាតូ ក្នុងខែមីនា ឆ្នាំ២០២៤ ដែលការចូលជាសមាជិកនោះ ត្រូវបានជំរុញដោយសារសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយប្រទេសនេះគ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិឲ្យដល់ ២,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៨ ធៀបនឹង ២,២ភាគរយ ក្នុងឆ្នាំ២០២៤៕