វិមានក្រឹមឡាំង និយាយនៅថ្ងៃចន្ទនេះថា នៅមិនទាន់មានការត្រៀមខ្លួនច្បាស់លាស់នោះទេសម្រាប់ជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump ប៉ុន្តែមាននូវការយល់ដឹង និងឆន្ទៈសម្រាប់ជំនួបមួយនេះ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរស័ព្ទថា បញ្ហាធានាសន្តិសុខសម្រាប់រុស្ស៊ី និងអ៊ុយក្រែន នឹងក្លាយជាផ្នែកសំខាន់នៃការដោះស្រាយណាមួយរបស់ភាគីមានសង្រ្គាម ។
លោក Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ីលោក Putin បានបញ្ជាក់ម្តងហើយម្តងទៀតពីការត្រៀមខ្លួនរបស់លោកសម្រាប់ការប្រាស្រ័យទាក់ទងជាមួយប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះមួយនេះ ។
លោកថា ជាការពិតណាស់ថា ការធានាសន្តិសុខរបស់ពួកយើង គឺជាបញ្ហាសមាសធាតុសំខាន់នៃការដោះស្រាយសង្រ្គាមអ៊ុយក្រែន វាស្ថិតនៅក្នុងចំណុចសំខាន់នៃប្រធានបទមួយនេះ ។
លោកបន្តថា ប៉ុន្តែចាប់តាំងពីពួកយើងមិនទាន់មានលក្ខខណ្ឌជាមុនសម្រាប់ការចរចាឡើងវិញ ហើយអ៊ុយក្រែបដិសេធន៍ មិនព្រមចូលរួមនោះ វាឆាប់ពេកហើយក្នុងការនិយាយពីពេលវេលាបញ្ចប់សង្រ្គាម ។
ដោយឡែក ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់លោក Trump បាននិយាយកាលពីចុងសប្តាហ៍កន្លងទៅថា ការទូរស័ព្ទរវាងលោក Trump និងលោក Putin ត្រូវបានរំពឹងថា នឹងធ្វើឡើងនៅក្នុងរយៈពេល ប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខនេះ ៕