ក្រុមអ្នកធម្មយាត្រាហិណ្ឌូ និងភ្ញៀវទេសចររាប់ម៉ឺនរាប់សែននាក់ មកពីទូទាំងពិភពលោក បានជួបជុំគ្នានៅក្នុងទីក្រុង Prayagraj ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា ដើម្បីទស្សនាពិធីបុណ្យសាសនា ហិណ្ឌូ Maha Kumbh Mela(មហាកុម្ភ មេឡា) នាថ្ងៃចន្ទនេះ ។
ពិធីជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោក បានចាប់ផ្តើមហើយនៅថ្ងៃចន្ទនេះ ស្របពេលមានការព្រួយបារម្ភពីបញ្ហាសុខភាព និងបរិស្ថាន។
ក្នុងរយៈពេល ៤៥ថ្ងៃខាងមុខ គេរំពឹងថា ក្រុមអ្នកធម្មយាត្រាហិណ្ឌូប្រមាណ ៤០០លាននាក់ នឹងមកជួបជុំគ្នានៅទីក្រុង Prayagraj ស្ថិតក្នុងរដ្ឋ Uttar Pradesh។
ពិធីបុណ្យ Maha Kumbh mela គឺជាធម្មយាត្រាដ៏ពិសិដ្ឋបំផុតមួយសម្រាប់សាសនាហិណ្ឌូ ហើយត្រូវបានប្រារព្ធរៀងរាល់ ១២ឆ្នាំម្តង នៅលើច្រាំងទន្លេគង្គារ និងទន្លេយ៉ាមូណា និងជាទីដែលទន្លេទាំងពីរប្រសព្វគ្នា ។
ភ្ញៀវទេសចរមកពីប្រទេសអ៊ីតាលី អង់គ្លេស រុស្ស៊ី និងប្រទេសជាច្រើនទៀត បានមកលាងបាបរបស់ពួកគេនៅទន្លេ Triveni Sangam ។
ភ្ញៀវទេសចរម្នាក់មកពីទីក្រុងឡុងដ្រ៍ ច្រកភពអង់គ្លេសនិយាយថា គាត់ពិតជារំភើបចិត្តខ្លាំងណាស់ បានមកលាងបាបនៅទីនេះ ដោយសារវាគឺជាពេលវេលាដ៏វិសេសវិសាលមួយ ៕