ក្រសួងហិរញ្ញវត្ថុ នៅថ្ងៃចន្ទ (ទី១៣ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសអ៊ីស្រាអែលមានឱនភាពថវិកា ១៩,២ពាន់លានសេកែល (៥ពាន់លានដុល្លារ) ដោយលើកឡើងពីការចំណាយខ្ពស់ ក្នុងការផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីន គឺក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា ក្នុងប្រទេសលីបង់។
ឱនភាព សម្រាប់ឆ្នាំ២០២៤ គឺ ៦,៩% នៃផលិតផលក្នុងស្រុកសរុប (GDP) ធៀបនឹង ៤,២% ក្នុងឆ្នាំ២០២៣។ តែទោះជាយ៉ាងណាក្ដី តួលេខខែធ្នូ គឺជាកម្រិតទាបបំផុត គិតចាប់តាំងពីខែមីនាមក បន្ទាប់ពីឡើងដល់ ៨,៥% ក្នុងរយៈពេល ១២ខែ រហូតដល់ខែកញ្ញា ហើយធ្លាក់ចុះមកកម្រិត ៧,៧% ក្នុងខែវិច្ឆិកា។
ដោយសារមានសង្គ្រាម គោលដៅឱនភាព សម្រាប់ឆ្នាំ២០២៤ គឺ ៦,៦%។ ការចំណាយលើសង្រ្គាមដែលបានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានឡើងដល់ ១២៥ពាន់លានសេកែល (៣៤,០៩ពាន់លានដុល្លារ)។ ចំណូលពន្ធបានកើនឡើង ២៧,៦% ក្នុងខែធ្នូ និងកើនឡើង ៧,៣% ក្នុងឆ្នាំ២០២៤៕