រដ្ឋសមាជិកចំនួន ៦ របស់សហភាពអឺរ៉ុប (EU) បានអំពាវនាវឲ្យប្លុកនេះផ្អាកជាបណ្តោះអាសន្ននូវទណ្ឌកម្មលើប្រទេសស៊ីរី ក្នុងវិស័យមួយចំនួន ដូចជាការដឹកជញ្ជូន ថាមពល និងធនាគារជាដើម។ នេះបើយោងតាមឯកសារដែលសារព័ត៌មាន Reuters បានឃើញ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស EU គ្រោងនឹងពិភាក្សាអំពីការបន្ធូរបន្ថយទណ្ឌកម្មស៊ីរី អំឡុងកិច្ចប្រជុំ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២៧ ខែមករា។
បណ្ដាមេដឹកនាំអឺរ៉ុប បានចាប់ផ្តើមវាយតម្លៃឡើងវិញនូវគោលនយោបាយរបស់ពួកគេ ចំពោះទីក្រុងដាម៉ាស បន្ទាប់ពីប្រធានាធិបតី លោក Bashar al-Assad ត្រូវបានទម្លាក់ចេញពីតំណែងដោយកងកម្លាំងបះបោរដឹកនាំដោយក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham (HTS) ដែលត្រូវបានចាត់ជាក្រុមភេរវករដោយសហរដ្ឋអាមេរិក និងប្រទេសភាគច្រើនផ្សេងទៀត ក៏ដូចជាអង្គការសហប្រជាជាតិផងដែរ។
យ៉ាងណាក្ដី ឯកសារដែលចុះហត្ថលេខាដោយប្រទេសអាល្លឺម៉ង់ បារាំង ហូឡង់ អេស្ប៉ាញ ហ្វាំងឡង់ និងដាណឺម៉ាក បានលើកឡើងថា សហភាពអឺរ៉ុប «គួរតែចាប់ផ្តើមកែសម្រួលប្រព័ន្ធទណ្ឌកម្មរបស់យើងជាបន្ទាន់»។
សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានចេញការលើកលែងទណ្ឌកម្ម សម្រាប់ប្រតិបត្តិការជាមួយស្ថាប័នសំខាន់ៗ នៅប្រទេសស៊ីរី រយៈពេល ៦ខែ ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រួលដល់លំហូរនៃជំនួយមនុស្សធម៌៕