ស៊ូដង់៖ មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានថ្កោលទោសចំពោះសកម្មភាពរបស់មេដឹកនាំយោធានៅក្នុងប្រទេសស៊ូដង់ បន្ទាប់ពីការធ្វើរដ្ឋប្រហារកាលពីខែមុន។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Michelle Bachelet បាននិយាយថា ការប្រើប្រាស់កម្លាំងហួសហេតុដោយកងកម្លាំងសន្តិសុខ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ស្លាប់ និងជាង ៣០០នាក់រងរបួស។

លោកស្រីបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ។ លោកស្រី Bachelet បានសម្ដែងការព្រួយបារម្ភអំពីការចាប់ខ្លួន និងការបាត់ខ្លួនជាច្រើននាក់នៃអង្គការសង្គមស៊ីវិល និងមេដឹកនាំការតវ៉ា អ្នកសារព័ត៌មាន និងសកម្មជន។ ការជជែកដេញដោលរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សបានធ្វើឡើង ស្របពេលដែលអង្គការសហប្រជាជាតិនៅតែទទួលស្គាល់ឯកអគ្គរដ្ឋទូតមកពីរដ្ឋាភិបាលស៊ូដង់ ដែលត្រូវបានបណ្ដេញចេញពីតំណែងជាអ្នកតំណាងផ្លូវការ របស់ប្រទេសនៅទីក្រុងហ្សឺណែវ។ លោកស្រី Bachelet បាននិយាយដោយយោងទៅលើការគ្រប់គ្រងរយៈពេល ៣០ឆ្នាំរបស់ប្រទេសស៊ូដង់ដោយអតីតមេដឹកនាំផ្ដាច់ការលោក Omar al-Bashir ថា ព្រឹត្តិការណ៍ចាប់តាំងពីរដ្ឋប្រហារបានរំលឹកឡើងវិញ នូវទំព័រដ៏សោកសៅមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស នៅពេលដែលសេរីភាពនៃការបញ្ចេញមតិត្រូវបានរារាំង ហើយសិទ្ធិមនុស្សត្រូវបានគាបសង្កត់៕
អត្ថបទ៖ ប៊ុនថន