ប្រភពសន្តិសុខទួរគី នៅថ្ងៃចន្ទ (ទី១៣ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសទួរគី បានធ្វើប្រតិបត្តិការឆ្លងព្រំដែនមួយ នៅក្នុងប្រទេសស៊ីរី និងបានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានសង្ស័យថា បានធ្វើការវាយប្រហារដោយគ្រាប់បែកកាលពីឆ្នាំ២០១៣ នៅជិតព្រំដែនប្រទេសស៊ីរី ដែលបានសម្លាប់មនុស្សរាប់សិបនាក់។
គួររំលឹកថា ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តចំនួន ២គ្រាប់ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងព្រំដែន Reyhanli ក្នុងខេត្ត Hatay កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៣ ដោយបានសម្លាប់មនុស្ស ៥៣នាក់។ ទួរគីបានចោទប្រកាន់ក្រុមដែលស្មោះត្រង់នឹងប្រធានាធិបតីស៊ីរីកាលនោះ គឺលោក Bashar al-Assad ថា បានធ្វើការវាយប្រហារនេះ។ ក្រុងដាម៉ាសបានបដិសេធការជាប់ពាក់ព័ន្ធណាមួយ។
ប្រភពបាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់ទួរគី (MIT) បានស៊ើបដឹងថា លោក Muhammed Dib Korali ដែលត្រូវបានសង្ស័យថា បានរៀបចំផែនការវាយប្រហារ និងផ្តល់គ្រាប់បែកនោះ ស្ថិតនៅក្នុងប្រទេសស៊ីរី។ ប្រភពបានបន្ថែមថា MIT បានចាប់ជនសង្ស័យនៅក្នុងប្រតិបត្តិការឆ្លងព្រំដែនចូលទៅក្នុងប្រទេសស៊ីរី ហើយបានប្រគល់រូបគេទៅឲ្យនគរបាលខេត្ត Hatay។
ចំណែកបុរសជនជាតិទួរគីឈ្មោះ Yusuf Nazik ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទរៀបចំផែនការវាយប្រហារដោយគ្រាប់បែក កាលពីឆ្នាំ២០១៣ នោះ ក៏ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសស៊ីរីដោយ MIT ដូចគ្នាដែរ ក្នុងឆ្នាំ២០១៨៕