លោកវេជ្ជបណ្ឌិត Khaled al-Saedni គឺជាគ្រូពេទ្យប៉ាឡេស្ទីនមួយរូបបម្រើការនៅផ្នែកកុមារក្នុងមន្ទីរពេទ្យ Al-Aqsa Martyrs នៅទីក្រុងហ្កាហ្សា ។
លោកបានបម្រើការនៅក្នុងមន្ទីរពេទ្យមួយនេះ អស់រយៈពេលជាង ២៣ឆ្នាំមកហើយ ហើយលោកបានបាត់បង់ជើងម្ខាងកាលពីឆ្នាំមុន បន្ទាប់ពីរងរបួស ។
លោកនិយាយថា លោកបានរងរបួសដោយសារត្រូវអំបែងគ្រាប់នៅក្នុងជំរំជនភៀសខ្លួន Al-Bureij នៅខែដំបូងនៃសង្រ្គាមហ្កាហ្សា ។
ដោយសារតែផលវិបាកនៃជំងឺទឹកនោមផ្អែម គ្រូពេទ្យវ័យ ៥០ឆ្នាំរូបនេះ និយាយថា លោកបានសម្រេចចិត្តកាត់ជើងរបស់លោកចោល ។
ប៉ុន្តែបើទោះបីជារូបលោកមានពិការភាពបែបនេះក្តី លោកនៅតែមកធ្វើការ និងព្យាបាលកុមារដដែល ក្រោយសម្រាកព្យាបាលអស់រយៈពេលជាច្រើនខែ ។
លោក Khaled និយាយថា លោកបាត់បង់ជើងម្ខាង អរគុណព្រះ ។ មាននូវមនុស្សច្រើនណាស់ដែលជាទុរក្កបុគ្គលបាត់បង់ភរិយា កូនៗ ឪពុកម្តាយ និងបងប្អូនបង្កើត ហើយលោកសង្ឃឹមថា សង្រ្គាមហ្កាហ្សានឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន បានឲ្យដឹងថា ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ ២០២៣រហូតមក ជនប៉ាឡេស្ទីនជាង ៤៦.០០០នាក់ ត្រូវបានសម្លាប់ ហើយភាគច្រើននៃពលរដ្ឋនៅក្នុងដែនដីបិទច្រកមួយនេះ ត្រូវបានជម្លៀសខ្លួន ៕