ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់ពីការបំផ្លិចបំផ្លាញនៃភ្លើងឆេះព្រៃ ប៉ាលីសេដ (Palisades) និងអឺតុន (Eaton) បានកើនឡើងដល់ ២៥ នាក់គិតត្រឹមព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ។

យោងតាមអ្នកពិនិត្យផ្នែកវេជ្ជសាស្ត្រស្រុក Los Angeles និងស្នងការនគរបាល លោក Robert Luna បានឱ្យដឹងថា ជនរងគ្រោះចំនួន ៨ នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃប៉ាលីសេដ និង ១៧ នាក់នៅក្នុងភ្លើងឆេះព្រៃ អឺតុន Eaton ក្នុងតំបន់ អាល់តាដេណា (Altadena)របស់សហរដ្ឋអាមេរិក ។

ជនរងគ្រោះពីរនាក់ ត្រូវបានក្រុមគ្រូពេទ្យកំណត់អត្តសញ្ញាណជាផ្លូវការ ហើយសារព័ត៌មាន The Times បានកំណត់អត្តសញ្ញាណមនុស្ស៨នាក់ផ្សេងទៀត។
ចំហេះព្រៃប៉ាលីសេដ និង អឺតុន នេះ បានលេបត្របាក់សង្កាត់នានាទាំងមូល និងបានឆេះកម្ទេចតំបន់មួយដែលមានទំហំប៉ុន ទីក្រុងវ៉ាស៊ីនតោនឌីស៊ី (Washington, D.C.)។
ខ្យល់បក់រហូតដល់ ៧០ ម៉ាយក្នុងមួយម៉ោង ត្រូវបានព្យាករណ៍សម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃពុធសប្ដាហ៍នេះ។ក្រុមមន្ត្រីព្រមានថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងថែមទៀត។
ស្នងការនគរបាលក្រុងខាងលើ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រតិបត្តិការស្វែងរក និងសង្គ្រោះនៅតែដំណើរការនៅក្នុងតំបន់ភ្លើងឆេះព្រៃ អឺតុន និង ប៉ាលីសេដ ដោយប្រើសុនខស្រង់ក្លិន ៕