ប្រទេសចិនបានការពារសកម្មភាពល្បាតរបស់ឆ្នាំល្បាតឆ្នេរខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ស្កាបូរ៉ូសូល(Scarborough Shoal)ដោយឆ្លើយតបទៅនឹងការតវ៉ារបស់ហ្វីលីពីនជុំវិញអ្វីដែលខ្លួនហៅថា ជាការបន្តវត្តមាន និងប្រតិបត្តិការខុសច្បាប់របស់កងកម្លាំងចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គ័រ ជែឃុន (Guo Jiakun) បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថាសកម្មភាពល្បាតរបស់ឆ្មាំល្បាតឆ្នេរចិននិងការអនុវត្តច្បាប់របស់ខ្លួននៅក្នុងដែនទឹក ពាក់ព័ន្ធ មានលក្ខណៈស្របច្បាប់ ត្រឹមត្រូវ និងហួសពីការរិះគន់។
លោក ហ្គ័រ បានជំរុញឱ្យទីក្រុងម៉ានីល បញ្ឈប់ការផ្សព្វផ្សាយពាក្យមិនល្អ និងរុញឱ្យមានជម្លោះរវាងប្រទេសចិន និងប្រទេសដទៃទៀត ។

ការអត្ថាធិប្បាយនេះគឺដើម្បីឆ្លើយតបទៅនឹងការរិះគន់របស់ទីក្រុងម៉ានីលចំពោះវត្តមានរយៈពេលមួយសប្តាហ៍របស់ឆ្មាំល្បាតឆ្នេរប្រទេសចិននូវអ្វីដែលហ្វីលីពីន និយាយថាជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងដែនទឹករបស់ខ្លួន។

ជប៉ុន ហ្វីលីពីន និងសហរដ្ឋអាមេរិក បានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀតក្រោមកិច្ចព្រមព្រៀងត្រីភាគីនៅចំពោះមុខនៃភាពតានតឹងចេះតែកើនឡើងក្នុងដែនទឹករបស់តំបន់អាស៊ី។
លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីហ្គេរ៉ុ អ៊ីហ្ស៊ីបា (Shigeru Ishiba) ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. និងលោកប្រធានាធិបតីអាមេរិក Joe Biden ដែលជិតផុតអាណត្តិបានពិភាក្សាគ្នាតាមអនឡាញ កាលពីព្រឹកថ្ងៃចន្ទម៉ោងនៅអាស៊ី។ ការិយាល័យទំនាក់ទំនងរបស់លោក Marcos បាននិយាយថា មេដឹកនាំទាំង៣ បានយល់ព្រមក្នុងការពង្រឹង និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែនសមុទ្រ និងបច្ចេកវិទ្យា៕