កំពង់ធំ ៖ មុខរបរសិប្បកម្មធ្វើផើងសម្រាប់ដាំផ្កា កំពុងមានការចាប់អារម្មណ៍ពីមហាជនទូទៅសម្រាប់ដាក់ដាំលម្អរផ្កានៅតាមផ្ទះ កន្លែងធ្វើការ ភោជនីយដ្ឋានផ្សេងៗ និងកន្លែងលក់ផ្កាផងដែរ។
លោក នួន ស៊ីណាត ជាម្ចាស់សិប្បកម្មធ្វើផើងផ្កា រស់នៅភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំប្រាប់ទូរទស្សន៍ BTV ឲ្យដឹងថា មុខរបរនេះលោកបានចាប់ផ្តើមអស់រយៈពេលជាង ៣ឆ្នាំមកហើយ និងមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ តាមរយៈម្ចាស់កន្លែងលក់ផ្កាផ្សេងៗក្នុងទីរួមខេត្តកំពង់ធំ ។
សិប្បកម្មធ្វើផើងនេះ កើតចេញពីការស្រាវជ្រាវ បណ្តាញសង្គមហ្វេបុក (Fcebook) និង (YouTube) ដែលកាលពីមុនមុខរបររបស់លោក គឺអ្នកធ្វើពាងសម្រាប់លក់ ។ ដោយសង្កេតឃើញមុខរបរនេះ មានភាពងាយស្រួសម្រាប់រូបលោក និងបានរស់នៅជួបជុំមួយក្រុមគ្រួសារ, រូបលោកក៏បានចាប់ផ្តើមពង្រីកមុខរបរនេះបន្តិចម្តងៗ។
ដោយធ្វើការកែច្នៃបណ្តើរ ស្វែងយល់បន្ថែមបណ្តើរ និងបានផុសលក់តាមហ្វេសបុក (ស៊ីណាតកំពង់ធំ លក់ផើងដាំផ្កា) មានភ្ជាប់លេខទូរស័ព្ទ ០៧១ ៤០៣ ៣៣៨៨ / ០៩៦ ៨៣៧ ១១១៨ នៅផ្នែកខាងក្រោម ដែលទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ ហៅទូរស័ព្ទមកសាកសួរ ការម៉ុងទិញ តាមរយៈលេខទូរស័ព្ទ និងហ្វេសបុកផងដែរ។
លោកបន្តថា បច្ចុប្បន្ននេះ សិប្បកម្មរបស់លោក បានកំពុងផលិតផើង ជាង១០ប្រភេទ មានទំហំពណ៌ផ្សេងៗគ្នា ទទួលការការម៉ុងផ្គត់ផ្គង់ដល់កន្លែងលក់ផ្កាសម្រាប់ដាំលម្អរចំនួន ៧ទីតាំងក្នុងខេត្តកំពង់ធំ។
ចំណូលមធ្យមប្រចាំខែទទួលបានប្រមាណពី៤លានរៀល ទៅ៦លានរៀល ដែលអាចទទួលប្រាក់ចំណេញក្រោមពីការចំណាយលើសម្ភារៈ និងកម្លាំងពលកម្មរួចចន្លោះពី ២លានរៀល ទៅ ២,៥០០,០០០រៀល។
គម្រោងនៅថ្ងៃពេលបន្ទាប់រូបលោក នឹងពង្រីកការផលិតឲ្យបានច្រើនបន្ថែមកែច្នៃម៉ូដ ទំហំពង្រីកទីផ្សារទៅកាន់ខេត្តផ្សេងទៀត៕





