ចំហេះព្រៃនៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ដែលបានបំផ្លាញតំបន់ទាំងមូលឱ្យឆេះសន្ធោសន្ធៅ និងបន្សល់ទុកនូវទេសភាពដ៏ខ្ទេចខ្ទី អាចក្លាយជាចំហេះព្រៃមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ទាក់ទងនឹងការខាតបង់ដែលមានធានារ៉ាប់រង ប្រសិនបើការប៉ាន់ប្រមាណរបស់អ្នកវិភាគរហូតដល់ ២០ពាន់លានដុល្លារ ក្លាយជាការពិត។

ខ្យល់បក់បោកខ្លាំងបានបន្តឡើងវិញនៅថ្ងៃចន្ទ (១៣ មករា) នៅទីក្រុង Los Angeles ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងពន្លត់ចំហេះដ៏ខ្លាំងក្លាចំនួនពីរកន្លែង ដែលបានឆក់យកជីវិតមនុស្សជាច្រើននាក់។

ការប៉ាន់ប្រមាណលើការខាតបង់ក្នុងចំហេះព្រៃ Los Angeles គឺមានសារៈសំខាន់ណាស់ ខណៈតួលេខនោះគូសបញ្ជាក់ពីកំណើនហានិភ័យហិរញ្ញវត្ថុ ដែលបង្កឡើងដោយគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ ដោយបង្ហាញពីផលប៉ះពាល់ដែលអាចកើតមានសម្រាប់ឧស្សាហកម្មធានារ៉ាប់រង និងភាពធន់នៃសេដ្ឋកិច្ចកាន់តែទូលំទូលាយ។

ស្ថានប័នអាកាសធាតុ AccuWeather ព្យាករពីការខាតបង់សេដ្ឋកិច្ចសរុបពីគ្រោះមហន្តរាយនេះថាមានចន្លោះពី ១៣៥ពាន់លានដុល្លារ ទៅ ១៥០ពាន់លានដុល្លារ ដែលជាសញ្ញាបង្ហាញពីការងើបឡើងវិញដ៏លំបាក ហើយទំនងជានឹងបង្កើនថ្លៃធានារ៉ាប់រងសម្រាប់ម្ចាស់ផ្ទះ៕