យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃអង្គារ (១៤ មករា) នេះ ដែលជាការបង្ហាញកម្លាំងចុងក្រោយបំផុតរបស់ទីក្រុងព្យុងយ៉ាង ប៉ុន្មានថ្ងៃមុនប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ចូលកាន់តំណែង។

នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយថា មីស៊ីលនោះធ្វើដំណើរប្រហែល ២៥០គីឡូម៉ែត្រ បន្ទាប់ពីបានបាញ់ចេញនៅម៉ោងប្រហែល ០៩:៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ពីតំបន់ កាងយ៉េ (Kanggye) ខេត្ត ចាហ្កាង (Jagang) នៅជិតព្រំដែនជាមួយចិន។

ការបាញ់បង្ហោះនេះធ្វើឡើងប្រហែលមួយសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើង បានបាញ់អ្វីដែលខ្លួនអះអាងថាជាមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមថ្មី ដែលជាការសាកល្បងមីស៊ីលលើកដំបូងរបស់ខ្លួនចាប់តាំងពីថ្ងៃទី០៥ ខែវិច្ឆិកា។ ការធ្វើតេស្តអាវុធថ្ងៃអង្គារនេះក៏បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការឡើងកាន់តំណែងរបស់លោក Trump ដែលបានរៀបចំកិច្ចប្រជុំកំពូលមិនធ្លាប់មានពីមុនមកជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងអំឡុងអាណត្តិដំបូងរបស់ខ្លួន ហើយបានលើកសរសើរទំនាក់ទំនងផ្ទាល់ខ្លួនរបស់ភាគីទាំងពីរ។

បណ្ដាសមាជិកសភាកូរ៉េខាងត្បូង និយាយកាលពីថ្ងៃចន្ទថា ការធ្វើតេស្តអាវុធថ្មីៗរបស់ទីក្រុងព្យុងយ៉ាង គឺសំដៅមួយផ្នែកដើម្បី "បង្ហាញកម្លាំងរារាំងអាមេរិករបស់ខ្លួន និងទាក់ទាញចំណាប់អារម្មណ៍របស់លោក Trump បន្ទាប់ពីបានប្តេជ្ញា "ប្រឆាំងនឹងអាមេរិកយ៉ាងតឹងតែងបំផុត" នៅក្នុងកិច្ចប្រជុំគោលនយោបាយចុងឆ្នាំដ៏សំខាន់មួយកាលពីខែមុន៕