ការផ្តល់សក្ខីកម្មនឹងត្រូវចាប់ផ្តើមនៅក្នុងតុលាការរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី១៤ ខែមករា នេះ ក្នុងការជម្រះក្តីដើម្បីសម្រេចលើជោគវាសនារបស់ប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងបន្ទាប់ពីបំណងរយៈពេលខ្លីរបស់លោក ដើម្បីដាក់ច្បាប់គ្រាអាសន្នដែល បានធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ទោះជាយ៉ាងណា សវនាការរបស់តុលាការធម្មនុញ្ញ ទំនងជាត្រូវបានកាត់បន្ថយពេល ខណៈលោកYoon បានសំងំមិនបង្ហាញខ្លួននៅក្នុងលំនៅឋាននៅជើងភ្នំរបស់លោកក្នុងទីក្រុងសេអ៊ូល ពុំត្រូវបានគេរំពឹងថានឹងមកចូលរួមនោះទេ ដោយការផ្តល់សក្ខីកម្មសំខាន់ៗជាច្រើន ទំនងជានៅក្នុងសវនាការបន្ទាប់ ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍។
តុលាការធម្មនុញ្ញ ត្រូវតែសម្រេចក្នុងរយៈពេល១៨០ថ្ងៃ ថាតើត្រូវដកលោក Yoon ចេញពីតំណែង ឬស្ដារអំណាចប្រធានាធិបតីរបស់លោកឡើងវិញ។ លោក Yoon ក៏ប្រឈមមុខនឹងការស៊ើបអង្កេតព្រហ្មទណ្ឌជុំវិញការចោទប្រកាន់ពីបទបះបោរ ដោយអាជ្ញាធរកំពុងស្វែងរកការអនុវត្តដីកាចាប់ខ្លួន បន្ទាប់ពីលោកមិនអើពើទៅនឹងការកោះហៅឱ្យបង្ហាញខ្លួនសម្រាប់ការសាកសួរ។
ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon កាលពីថ្ងៃទី៣ ខែធ្នូ ដែលត្រូវបានដកចេញវិញក្រោយរយៈពេលប្រហែល៦ម៉ោង បានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យដ៏រស់រវើកបំផុតមួយរបស់ប្រទេសនៅអាស៊ីមួយនេះ ធ្លាក់ចូលទៅក្នុងដំណាក់កាលនៃភាពវឹកវរនយោបាយ ដែលពុំធ្លាប់មានពីមុនមក។
លោក Seok Dong-hyeon មេធាវីដែលផ្តល់យោបល់ដល់ លោកYoon បាននិយាយកាលពីថ្ងៃចន្ទថាប្រធានាធិបតីដែលត្រូវបានព្យួរតំណែងនឹងមិនចូលរួមក្នុងតុលាការធម្មនុញ្ញនៅថ្ងៃអង្គារនេះទេ ដោយនិយាយថា ការប៉ុនប៉ងរបស់អាជ្ញាធរដើម្បីចាប់ខ្លួនលោក បានរារាំងលោក Yoon ពីការបង្ហាញជំហររបស់លោក ក្នុងការជម្រះក្តី។