សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទ (១៣ មករា) ថា ក្រុមមន្ត្រីចិន កំពុងពិភាក្សាបឋមអំពីជម្រើសដ៏មានសក្តានុពលមួយដើម្បីលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ទៅឱ្យលោកមហាសេដ្ឋី Elon Musk ប្រសិនបើកម្មវិធីវីដេអូខ្លីនេះមិនអាចជៀសផុតពីការហាមឃាត់ដែលជិតមកដល់បានទេនោះ។

របាយការណ៍និយាយថា មន្ត្រីរដ្ឋាភិបាលទីក្រុងប៉េកាំង ចង់ឱ្យអេប TikTok នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ Bytedance ប៉ុន្តែប្រតិបត្តិការរបស់ TikTok នៅអាមេរិក អាចត្រូវបានលក់តាមរយៈដំណើរការប្រកួតប្រជែង ឬមានការរៀបចំដោយរដ្ឋាភិបាល ដែលបង្ហាញថា អនាគតនៃកម្មវិធីនេះគឺមិននៅក្នុងដៃរបស់ ByteDance ទៀតទេ។

របាយការណ៍បន្តថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Musk នឹងគ្រប់គ្រង TikTok នៅអាមេរិក និងដំណើរការអាជីវកម្មជាមួយគ្នា ប៉ុន្តែក្រុមមន្ត្រីមិនទាន់ឈានដល់ការឯកភាពអំពីរបៀបបន្តដំណើរការនេះឡើយ។

គេនៅតែមិនច្បាស់ទេថា តើក្រុមហ៊ុនមេ ByteDance ដឹងពីកិច្ចពិភាក្សានេះប៉ុណ្ណា ឬថាតើមានការចូលរួមពីលោក Musk និងភាគី TikTok ដែរឬទេ។ រដ្ឋាភិបាលចិនមាន "ភាគហ៊ុនធំ" នៅក្នុង ByteDance ដែលសមាជិកសភាអាមេរិកមួយចំនួននិយាយថា ផ្តល់អំណាចដល់រដ្ឋាភិបាលទៅលើ Tiktok។
TikTok ធ្លាប់និយាយរួចហើយថា ភាគហ៊ុនរបស់រដ្ឋាភិបាល "មិនមានផលប៉ះពាល់លើប្រតិបត្តិការសកលរបស់ ByteDance នៅខាងក្រៅប្រទេសចិននោះទេ រួមទាំង TikTok ផងដែរ"៕