ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុនពេលលោក Donald Trump ចូលអង្គុយកៅអីសេតវិមានវិញ អ៊ុយក្រែន កំពុងប្រឈមនឹងជម្រើសដ៏លំបាកមួយចំនួននៅក្នុងប៉ុន្មានខែខាងមុខ។

កងទ័ពទីក្រុងគីវ ក៏កំពុងចាញ់ប្រៀបទល់នឹងរុស្ស៊ី នៅតាមផ្នែកជាច្រើននៃជួរមុខដ៏វែង ដោយខ្វះទាហានមានបទពិសោធន៍ ហើយមានការសង្ស័យថា ជំនួយយោធាអាចនឹងត្រូវបានកាត់បន្ថយ។

នៅទីក្រុងគីវ រដ្ឋាភិបាលរង់ចាំមើលសញ្ញាពីទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ហើយបញ្ជាក់ឡើងវិញស្ទើរតែរាល់ថ្ងៃនូវបំណងប្រាថ្នារបស់ខ្លួនសម្រាប់ "សន្តិភាព" ខណៈរាល់ការគិតចង់បានទឹកដីដែលរុស្ស៊ីបានដណ្ដើមយកមកវិញ គឺទំនងមិនអាចទៅរួច។
ទោះបីជាមានការខាតបង់ធ្ងន់ធ្ងរក៏ដោយ ក៏កងកម្លាំងរុស្ស៊ី នៅតែបន្តវាយរុញទៅមុខនៅក្នុងតំបន់ Donetsk ដែលជាតំបន់មួយក្នុងចំណោមបួន ដែលទីក្រុងមូស្គូ បានដាក់បញ្ចូល និងកំពុងស្វះស្វែងកាន់កាប់ពេញលេញ។ ការមានប្រៀបប្រចាំថ្ងៃរបស់រុស្ស៊ី ត្រូវបានមើលឃើញយ៉ាងច្បាស់ នៅពេលពួកគេបន្តវាយឆ្ពោះទៅកាន់តំបន់ខ្សែក្រវ៉ាត់ឧស្សាហកម្មរបស់អ៊ុយក្រែន។
បេសកជនអ៊ុយក្រែនរបស់លោក Trump បាននិយាយកាលពីសប្តាហ៍មុនថា លោកសង្ឃឹមថានឹងអាចទទួលបានដំណោះស្រាយដ៏រឹងមាំ និងនិរន្តរភាពចំពោះជម្លោះក្នុងរយៈពេល ១០០ថ្ងៃ។ លោក Trump ផ្ទាល់ក៏ធ្លាប់បានប្រាប់ថា លោកនឹងបញ្ឈប់ការប្រយុទ្ធគ្នាក្នុងពេល ២៤ម៉ោងក្រោយការចូលកាន់តំណែង ប៉ុន្តែថ្មីៗនេះ នៅពេលត្រូវសាកសួរបន្ថែមថាលោកអាចបញ្ចប់ជម្លោះបានឆាប់ប៉ុណ្ណា លោក Trump បង្ហើបថា "យ៉ាងយូរបំផុតគឺមុនពេលប្រាំមួយខែ"៕