ហ្វីលីពីនបាននិយាយថា ការដាក់ពង្រាយនាវាឆ្មាំល្បាតឆ្នេរដ៏ធំមហិមារបស់ប្រទេសចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ទីក្រុងម៉ានីល គឺជារឿងគួរឱ្យព្រួយបារម្ភណាស់ និងមានន័យយ៉ាងច្បាស់ដើម្បីបំភ័យអ្នកនេសាទ ដែលកំពុងប្រតិបត្តិការជុំវិញថ្មប៉ប្រះទឹកជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក ចូណាថាន ម៉ាឡាយ៉ា (Jonathan Malaya) បាននិយាយនៅថ្ងៃអង្គារ (១៤ មករា) នេះថា "យើងភ្ញាក់ផ្អើល និងបារម្ភយ៉ាងខ្លាំងចំពោះកំណើនវត្តមានរបស់ទីក្រុងប៉េកាំង ក្នុងការដាក់ពង្រាយនាវាឆ្មាំល្បាតឆ្នេរដ៏ធំបំផុតរបស់ខ្លួន"។

ឆ្មាំល្បាតឆ្នេរហ្វីលីពីន រាយការណ៍ថា ខ្លួនបានដាក់ពង្រាយនាវាធំបំផុតរបស់ខ្លួនចំនួនពីរគ្រឿង ដើម្បីបណ្តេញនាវាចិនចេញពីទីនោះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក កៅ ជាឃុន (Guo Jiakun) បាននិយាយកាលពីថ្ងៃចន្ទថា "សកម្មភាពល្បាត និងការអនុវត្តច្បាប់" របស់ឆ្មាំល្បាតឆ្នេរទីក្រុងប៉េកាំង គឺ "សមហេតុផល ស្របច្បាប់ និងជារឿងដ៏ត្រឹមត្រូវ"។
ភាពតានតឹងរវាងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក និងទីក្រុងប៉េកាំង បានកើនឡើងយ៉ាងក្ដៅគគុកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារការអះអាងសិទ្ធិជាន់គ្នានៅក្នុងសមុទ្រចិនខាងត្បូង៕