ការដឹកជញ្ជូនសាធារណៈ ការធ្វើដំណើរតាមផ្លូវអាកាស សាលារៀន និងសេវាកម្មសំខាន់ៗត្រូវបានរំខាននៅទូទាំងប្រទេសបែលហ្ស៊ិកកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ខណៈកូដកម្មទូទាំងប្រទេសបានធ្វើឡើងប្រឆាំងសំណើកំណែទម្រង់ប្រាក់សោធននិវត្តន៍ដោយក្រុមចម្រុះដែលបង្កើតរដ្ឋាភិបាលសហព័ន្ធថ្មី។

នៅទីក្រុងប្រ៊ុចសែល បាតុករជាង៣០.០០០នាក់ រួមទាំងអ្នកពន្លត់អគ្គិភ័យ គ្រូបង្រៀន និងសមាជិកសហជីពបានដើរដង្ហែរនៅតាមដងផ្លូវនានា។
សហជីពបានរិះគន់កំណែទម្រង់ប្រាក់សោធននិវត្តន៍ដែលបានស្នើឡើងថាជា ការវាយប្រហារលើប្រាក់សោធននិវត្តន៍ ដោយអំពាវនាវឱ្យមានការកែប្រែលក្ខខណ្ឌការងារ ការបង្កើនការរួមចំណែករបស់និយោជក និងតម្រូវការការងាររយៈពេលខ្លីសម្រាប់វិជ្ជាជីវៈដែលទាមទារ។ ពួកគេក៏បានរិះគន់ការកាត់ផ្តាច់ពន្ធសាជីវកម្មផងដែរ ដោយលើកហេតុផលថា កំណែទម្រង់ទាំងនោះ នឹងដាក់បន្ទុកអយុត្តិធម៌ដល់កម្មករ។

ការដឹកជញ្ជូនសាធារណៈត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយមានតែរថភ្លើងមួយក្នុងចំណោមរថភ្លើងបីប៉ុណ្ណោះដែលដំណើរការរវាងទីក្រុងធំៗ។ នៅទីក្រុងប្រ៊ុចសែល រថភ្លើងក្រោមដី រថភ្លើងលើដី និងសេវារថយន្តក្រុងបានដំណើរការក្នុងកម្រិតកាត់បន្ថយ ខណៈផ្លូវរថយន្តក្រុងភាគច្រើននៅ ទីក្រុង Wallonia ត្រូវបានផ្អាកទាំងស្រុង។

ការធ្វើដំណើរតាមផ្លូវអាកាសក៏ប្រឈមនឹងការរំខានយ៉ាងខ្លាំងផងដែរ ដោយជើងហោះហើរប្រហែល ៤០ ភាគរយនៅព្រលានយន្តហោះ ប្រ៊ុចសែល (Brussels) ត្រូវបានលុបចោល ហើយជើងហោះហើរទាំងអស់នៅអាកាសយានដ្ឋាន ឆាឡេរ៉ូវ័រ (Charleroi) ត្រូវបានផ្អាកចាប់ពីពាក់កណ្តាលថ្ងៃត្រង់តទៅ។វិស័យអប់រំបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសាលាបឋមសិក្សា និងមធ្យមសិក្សាប្រមាណ ៤០ ភាគរយនៅទីក្រុង Flanders ត្រូវបានបិទ៕