លីប៊ី៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានជម្លៀសក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនដែលងាយរងគ្រោះចំនួន ១៧២នាក់ចេញពីប្រទេសលីប៊ីទៅកាន់ទីសុវត្ថិភាព តាមរយៈយន្តការឆ្លងកាត់គ្រាអាសន្នក្នុងប្រទេសនីហ្សេ។ វាគឺជាជើងហោះហើរជម្លៀសលើកដំបូងទៅកាន់ប្រទេសនីហ្សេក្នុងរយៈពេលជាង ១ឆ្នាំកន្លងទៅនេះ ដែលក្នុងអំឡុងពេលនោះជើងហោះហើរមនុស្សធម៌ភាគច្រើនចេញពីប្រទេសលីប៊ី ត្រូវបានផ្អាកដោយអាជ្ញាធរ។

ជើងហោះហើររបស់អង្គការ UNHCR ដែលបានហោះចេញពីរដ្ឋធានីទ្រីប៉ូលីប្រទេសលីប៊ី បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិប្រទេសនីហ្សេកាលពីថ្ងៃសុក្រ។ ក្រុមអ្នកស្វែងរកសិទ្ធជ្រកកោនរួមមានទាំងក្រុមគ្រួសារ ក្រុមកុមារដែលគ្មានអ្នករួមដំណើរ និងម្ដាយមានទារកទើបនឹងកើតមកពីប្រទេសអេរីទ្រា អេត្យូពី សូម៉ាលី ស៊ូដង់ និងស៊ូដង់ខាងត្បូង។ មនុស្សជាច្រើនត្រូវបានឃុំខ្លួនក្នុងការឃុំឃាំងជាជនរងគ្រោះនៃការជួញដូរ ឬជួបប្រទះអំពើហិង្សា និងទារុណកម្មក្នុងពេលពេលជាប់គាំងនៅក្នុងប្រទេសលីប៊ី។ ជើងហោះហើរជម្លៀសទាំងនេះគឺជាខ្សែជីវិតដ៏សំខាន់សម្រាប់ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនដែលជាប់ក្នុងប្រទេសលីប៊ី។
មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន និងដាក់ក្នុងមន្ទីរឃុំឃាំងជាមួយនឹងជនអនាថាជាច្រើននាក់ ដែលបានចាកចេញបន្ទាប់ពីមានការវាយឆ្មក់ និងការចាប់ខ្លួនជាបន្តបន្ទាប់ និងការរុះរើជម្រកជាច្រើនកន្លែង ដោយផ្តោតលើតំបន់ដែលមានអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនចំណាកស្រុកជាច្រើនរស់នៅ។ អង្គការ UNHCR គាំទ្រសម្រាប់ប្រទេសជាច្រើនក្នុងការចូលរួម និងផ្តល់កន្លែងបន្ថែមទៀតសម្រាប់ជនភៀសខ្លួនដែលងាយរងគ្រោះបំផុតក្នុងការចាកចេញពីប្រទេសលីប៊ី។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបន្តអំពាវនាវឱ្យអាជ្ញាធរក្នុងប្រទេសលីប៊ីគោរពសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួន បញ្ឈប់ការចាប់ខ្លួនតាមអំពើចិត្ត និងដោះលែងពួកគេពីការឃុំឃាំង៕
អត្ថបទ៖ ប៊ុនថន