ប្រមុខសម្ព័ន្ធយោធាណាតូ លោក Mark Rutte បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន បច្ចុប្បន្នពុំមានជំហររឹងមាំគ្រប់គ្រាន់សម្រាប់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីទេ ខណៈប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ត្រៀមខ្លួនដើម្បីឡើងកាន់តំណែង។

លោក Rutte បាននិយាយទៅកាន់សមាជិកសភាសហភាពអឺរ៉ុបថា «នៅពេលនេះ ច្បាស់ណាស់ថា អ៊ុយក្រែន មិននៅទីនោះទេ ព្រោះខណៈនេះ ពួកគេមិនអាចចរចារក្នុងជំហររឹងមាំឡើយ»។

លោក Trump នឹងស្បថចូលកាន់តំណែងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ បន្ទាប់ពីបានប្តេជ្ញាលើផ្លូវនៃយុទ្ធនាការដើម្បីបញ្ចប់សង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅអ៊ុយក្រែន។
ការសន្យាពីមេដឹកនាំអាមេរិក ដែលនឹងចូលកាន់តំណែងនៅពេលខាងមុខ បានបង្កឱ្យមានការព្រួយបារម្ភថា លោកអាចកាត់បន្ថយការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងគីវ និងបង្ខំមេដឹកនាំរបស់ប្រទេសនេះ ឱ្យធ្វើសម្បទានដ៏ឈឺចាប់។
លោក Rutte បាននិយាយថា «យើងទាំងអស់គ្នា ចង់ឲ្យសង្គ្រាមនេះបញ្ចប់ ប៉ុន្តែសំខាន់ជាងនេះទៀតគឺយើងចង់ឲ្យសន្តិភាពនៅស្ថិតស្ថេរ»។ «សន្តិភាព នឹងមិនស្ថិតស្ថេរទេ ប្រសិនបើលោកពូទីន ដើរតាមផ្លូវរបស់លោកក្នុងសង្គ្រាមនៅអ៊ុយក្រែន»។
ប្រមុខអង្គការណាតូ បាននិយាយថា «ខ្ញុំជឿជាក់ថា សន្តិភាពអាចស្ថិតស្ថេរបាន លុះត្រាតែអ៊ុយក្រែនដើរចូលមករកតុចរចា ក្នុងជំហររឹងមាំ»។
សម្រាប់រឿងនេះ វាត្រូវការជំនួយបន្តរបស់យើង អាវុធកាន់តែច្រើន និងកាន់តែឆាប់រហ័ស ដូច្នេះប្រទេសនេះអាចការពារខ្លួនបានប្រសើរជាងមុន និងមានការចរចាកិច្ចកិច្ចព្រមព្រៀងដ៏ល្អ សម្រាប់អ៊ុយក្រែន សម្រាប់អឺរ៉ុប និងសម្រាប់ពិភពលោក។