ប្រជាជនអ៊ីស្រាអែល ទាំងគាំទ្រនិងប្រឆាំង បានចេញធ្វើបាតុកម្មកាលពីថ្ងៃចន្ទ ទី១៣ ខែមករា ដើម្បីតវ៉ា ខណៈអ្នកចរចាសម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរ ត្រូវបានគេរាយការណ៍ថាមាន «វឌ្ឍនភាព» ។

សមាជិកគ្រួសាររបស់ចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមអ៊ីស្លាមនិយមហាម៉ាស ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ដើម្បីអំពាវនាវឱ្យមានកិច្ចព្រមព្រៀងបន្ទាន់ សម្រាប់ការដោះលែងមនុស្សជាទីស្រឡាញ់របស់ពួកគេ។

នៅទីក្រុងហ្សេរុយសាឡឹម មនុស្សមួយក្រុមតូចស្លៀកសម្លៀកបំពាក់ពណ៌ស បានចូលរួមក្នុងការតវ៉ាអង្គុយ ដោយទាមទារឲ្យដោះលែងចំណាប់ថ្នូរទាំងអស់ ជាបន្ទាន់។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឲ្យដឹងថា នៅក្នុងផ្នែកមួយផ្សេងទៀតនៃទីក្រុងហ្សេរុយសាឡឹម សមាជិកគ្រួសាររបស់ចំណាប់ថ្នូរ និងអ្នកគាំទ្ររបស់ពួកគេ បានតវ៉ាប្រឆាំងកិច្ចព្រមព្រៀងដែលត្រូវបានផ្តល់ឲ្យ ចាប់តាំងពីកិច្ចព្រមព្រៀងរួមបញ្ចូលទាំងការដោះលែងចំណាប់ថ្នូរក្នុងដំណាក់កាលផ្សេងៗគ្នា ស្របតាមការដកខ្លួនរបស់អ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សាស្ទ្រីប ។
ក្រុមបាតុករបានសម្តែងការព្រួយបារម្ភថា ក្រោយការដកកងទ័ពរបស់អ៊ីស្រាអែល ក្រុមហាម៉ាសនឹងមិនអនុញ្ញាតឱ្យមានការដោះលែងចំណាប់ថ្នូរដែលនៅសេសសល់ឡើយ។