យោងតាមអនុរដ្ឋមន្ត្រីក្រសួងការពារជនស៊ីវិល បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារប្រទេសបូលីវី កាលពីចុងសប្តាហ៍ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងទីក្រុង Quime ភាគខាងកើតប្រទេសបូលីវី ជាកន្លែងដែលលំនៅឋាន និងគ្រួសារជាច្រើន បានរងផលប៉ះពាល់។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងការពារជនស៊ីវិល លោក Juan Carlos Calvimontes បាននិយាយថា នៅក្នុងតំបន់នោះ ប្រជាជនចំនួន៥០០គ្រួសារ បានរងផលប៉ះពាល់ ហើយលំនៅឋានចន្លោះពី៤០ ទៅ៦០ខ្នង បានរងការបំផ្លាញដោយសារទន្លេមានទឹកពេញហៀរ។

រូបភាពពីយានដ្រូនដែលថតដោយរដ្ឋាភិបាល បានបង្ហាញពីទឹកជន់លិចខ្លាំង វាយប្រហារនៅទូទាំងសហគមន៍ ដោយបានហូរនាំលំនៅឋាន ដើមឈើ និងយ៉ាងហោចណាស់ស្ពានមួយកន្លែង ។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីប្រទេសបូលីវី លោក លូអ៊ីស អាស(Luis Arce) បានបញ្ជាឱ្យចែកចាយជំនួយមនុស្សធម៌ជាង២០តោន និងដាក់ចល័តយោធាសម្រាប់ការងារជួយសង្គ្រោះ។
ទន្ទឹមនឹងនេះ នៅទីក្រុង Takoloma ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យអាជ្ញាធរចេញការព្រមាន ដោយសារតែបំណាក់ដី បណ្តាលមកពីទឹកជ្រាបជោគចូលក្នុងដី ដែលនាំឱ្យមានការបំផ្លិចបំផ្លាញលំនៅឋានជាច្រើនខ្នង។