ប្រធានាធិបតីប្រទេសលីបង់ លោក ចូសេហ្វ អោន(Joseph Aoun) បានអញ្ជើញលោក Nawaf Salam ដែលជាប្រធានតុលាការយុត្តិធម៌អន្តរជាតិ ឲ្យធ្វើជានាយករដ្ឋមន្រ្តីថ្មីបន្តវេនរបស់ប្រទេស បន្ទាប់ពីសមាជិកសភាភាគច្រើន បានតែងតាំងលោក Salam កាលពីថ្ងៃចន្ទ ទី១៣ ខែមករា ដែលធ្វើឲ្យមានការប៉ះទង្គិចខ្លាំងដល់ក្រុមហេសបូឡា ដែលបានចោទប្រកាន់អ្នកប្រឆាំងថា ចង់ដកក្រុមនេះចេញ។

អគ្គនាយកនៃការិយាល័យប្រធានាធិបតីលីបង់ លោក Antoine Choucair បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃចន្ទ។ លោក Salam អាយុ៧១ឆ្នាំ គឺជាមេធាវី និងជាចៅក្រម ដែលបានបម្រើការជាឯកអគ្គរដ្ឋទូតលីបង់ប្រចាំអង្គការសហប្រជាជាតិ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧។
ការិយាល័យប្រធានាធិបតី និយាយថា លោក Salam ដែលបច្ចុប្បន្ននៅក្រៅប្រទេស ហើយនឹងវិលត្រឡប់មកវិញនៅថ្ងៃអង្គារ ទី១៤ ខែមករា នេះ បានទទួលការគាំទ្រពីសមាជិកសភាចំនួន៨៤រូបក្នុងចំណោមសមាជិកសភា១២៨រូប ហើយលោក អោន(Aoun) បានអញ្ជើញលោកដើម្បីចាត់ចែងឲ្យលោកបង្កើតរដ្ឋាភិបាល។
រដ្ឋបាលថ្មីប្រឈមមុខនឹងកិច្ចការដ៏ធំ រួមទាំងការកសាងឡើងវិញនូវតំបន់នានាដែលត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលអំឡុងសង្គ្រាមជាមួយក្រុមហេសបូឡា និងការចាប់ផ្តើមកំណែទម្រង់ដែលជាប់គាំងជាយូរមកដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និងដោះស្រាយបញ្ហាឫសគល់នៃការដួលរលំប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសលីបង់ ក្នុងឆ្នាំ២០១៩ ។