ភ្នំពេញ ៖ ក្រសួងអប់រំ កាលពីម្សិលម៉ិញ បានសម្រេចប្ដូរកាលបរិច្ឆេទប្រឡងបាក់ឌុប ពីថ្ងៃទី ៦ខែធ្នូ ទៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២១វិញ។ ការសម្រេចបែបនេះ គឺជាដំណឹងល្អរបស់សិស្សត្រៀមប្រឡង ព្រោះពួកគាត់មានពេលវេលាបន្ថែមទៀត ដើម្បីសិក្សាត្រៀនសម្រាប់ការឡងនោះ។
ក្រសួងអប់រំ បានសម្រេចជាផ្លូវការ ផ្លាស់ប្ដូរកាលបរិច្ឆេទប្រឡងបាក់ឌុប ពីថ្ងៃទី ៦ខែធ្នូ មកថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២១ជំនួសវិញ។ ការប្រឡងនេះ ត្រូវរៀបចំតាមទម្រង់ដូចរាល់ឆ្នាំកន្លង។
ការសម្រេចប្ដូរកាលបរិច្ឆេទប្រឡងបាក់ឌុបថ្មីនេះ ធ្វើឡើងក្រោយ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានប្រជុំវាយតម្លៃស្ថានការណ៍ ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុប។
ចំពោះការកំណត់ពេលវេលាប្រឡងថ្មីនេះ សិស្សថ្នាក់ទី ១២ ក៏បង្ហាញការគាំទ្រ សប្បាយចិត្ត និងថ្លែងអំណរគុណដល់ក្រសួងអប់រំផងដែរ។ ពួកគាត់បញ្ជាក់ថា នឹងមានពេលវេលាបន្ថែមទៀត ក្នុងការសិក្សា ស្វ័យសិក្សា ធ្វើលំហាត់បន្ថែម ដើម្បីសម្រេចជោគជ័យ ក្នុងការប្រឡង។
ចំពោះការប្រឡងបាក់ឌុបក្នុងឆ្នាំនេះ ក្រសួងអប់រំនៅតែ បន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
សម្រាប់សិស្សថ្នាក់ទី ៩ និងទី ១២ មួយចំនួន បានចូលសិក្សាជាថ្មីនៅកំឡុងខែ កញ្ញាកន្លងទៅ។ ចំពោះការបើកដំណើរការសិក្សាគ្រប់កម្រិតសិក្សាទូទាំងរាជធានី-ខេត្ត ទើបតែបានចាប់ផ្ដើមអនុញ្ញាត នៅថ្ងៃទី ១ វិច្ឆិកាឆ្នាំ ២០២១នេះប៉ុណ្ណោះ ស្របពេលដែលរាជរដ្ឋាភិបាលប្រកាសបើកប្រទេសគ្រប់វិស័យឡើងវិញនៅថ្ងៃតែមួយ៕
អត្ថបទ ៖ គឹមហុក