អាជ្ញាធរបាននិយាយថា សីតុណ្ហភាពជាមធ្យមនៅក្នុងទឹកឆ្នេរសមុទ្ររបស់ប្រទេសចិន បានកើនឡើងខ្ពស់បំផុតជាលើកទីពីរជាប់ៗគ្នាក្នុងឆ្នាំ២០២៤ ដល់កំណត់ត្រា ២១,៥០អង្សាសេ ខណៈកាលពីឆ្នាំមុនក៏ជាឆ្នាំក្ដៅខ្លាំងបំផុតរបស់ពិភពលោក ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។

ចិន ពណ៌នាខ្លួនឯងថាជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះពីអាកាសធាតុបំផុតរបស់ពិភពលោក ហើយកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងដើម្បីសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ និងកម្រិតទឹកសមុទ្រដែលកើនឡើងលឿនជាងមធ្យមភាគសកល។

ប្រទេសនេះក៏បានប្រឈមមុខនឹងព្រឹត្តិការណ៍អាកាសធាតុខ្លាំងក្លាមួយចំនួនកាលពីឆ្នាំមុន ចាប់ពីព្យុះទីហ្វុង Yagi ដ៏ធំឆ្លងកាត់ភាគខាងត្បូងកោះហៃណាន ក្នុងខែកញ្ញា រហូតដល់ព្យុះដ៏ខ្លាំងក្លាបំផុតដែលបានវាយប្រហារទីក្រុងសៀងហៃ ចាប់តាំងពីឆ្នាំ១៩៤៩ មក។

មជ្ឈមណ្ឌលព្យាករបរិស្ថានសមុទ្រជាតិរបស់ប្រទេសចិន បាននិយាយថា ការឡើងកម្ដៅនៃមហាសមុទ្រនឹងនាំឱ្យមាន "អាកាសធាតុធ្ងន់ធ្ងរ និងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ញឹកញាប់" ដោយព្រមានពីការគំរាមកំហែងដែលអាចកើតមានចំពោះជីវភាពរស់នៅប្រចាំថ្ងៃ៕