ក្រុមតំណាងឱ្យកម្មកររ៉ែបាននិយាយកាលពីថ្ងៃចន្ទ (១៣ មករា) ថា កម្មករយ៉ាងតិច ១០០នាក់ ដែលកំពុងជីករ៉ែដោយខុសច្បាប់នៅក្នុងអណ្តូងរ៉ែមាសបោះបង់ចោលមួយនៅប្រទេសអាហ្វ្រិកខាងត្បូង បានស្លាប់ដោយសារការអត់ឃ្លាន និងខ្សោះជាតិទឹក បន្ទាប់ពីជាប់នៅក្នុងអណ្ដូងរ៉ែនោះអស់ពេលជាច្រើនខែ ខណៈនគរបាលព្យាយាមបង្ខំពួកគេឱ្យចាកចេញ។

អ្នកនាំពាក្យក្រុមសហគមន៍រងការប៉ះពាល់ពីការជីកយករ៉ែ បាននិយាយថា មនុស្សជាង ៥០០នាក់ផ្សេងទៀតនៅតែជាប់គាំងក្នុងនោះ ហើយ "យ៉ាងហោចណាស់" បុរស ១០០នាក់ បានស្លាប់នៅក្នុងអណ្តូងរ៉ែក្នុងខេត្ត North West ដែលសង្ស័យថាមកពីអត់ឃ្លានរហូតដល់ស្លាប់ ឬស្លាប់ដោយសារខ្វះជាតិទឹក។

អ្នកនាំពាក្យនគរបាលនិយាយថា ពួកគេនៅតែកំពុងផ្ទៀងផ្ទាត់ព័ត៌មានថាតើមានសាកសពប៉ុន្មាននាក់ត្រូវបានរកឃើញ និងចំនួនអ្នកនៅរស់ដែលត្រូវនាំយកចេញពីអណ្ដូងរ៉ែ បន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះថ្មីមួយកាលពីថ្ងៃចន្ទ ហើយអាជ្ញាធរសង្ឃឹមថានឹងនាំអ្នកជីករ៉ែទាំងអស់ចេញមកក្រៅ។

ការជីកយករ៉ែខុសច្បាប់គឺជារឿងធម្មតាទៅហើយនៅក្នុងផ្នែកខ្លះនៃអាហ្រ្វិកខាងត្បូង ដែលសម្បូរដោយរ៉ែមាស និងជាទីដែលក្រុមហ៊ុនជាច្រើនបិទអណ្តូងរ៉ែដែលលែងទទួលបានផលចំណេញ ដោយទុកឱ្យក្រុមអ្នករុករករ៉ែក្រៅផ្លូវការចូលទៅក្នុងអណ្ដូងទាំងនោះដោយខុសច្បាប់ដើម្បីព្យាយាមស្វែងរ៉ែមាសនៅសេសសល់៕