ខេត្តបាឡូជីស្ថាន ( Balochistan) ដែលងាយនឹងរងគ្រោះថ្នាក់របស់ប្រទេសប៉ាគីស្ថាន បានឃើញការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធ ក្នុងឆ្នាំ ២០២៤ ខណៈដែលទិន្នន័យរបស់រដ្ឋាភិបាលទទួលបានដោយសារព័ត៌មាន Arab News កាលពីថ្ងៃពុធ បានបង្ហាញថា មនុស្សជិត ៣០០នាក់ រួមទាំងជនស៊ីវិល និងទាហាន ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារជាង ៥៥០លើក ដែលបានរាយការណ៍នៅ ក្នុងស្រុកផ្សេងៗនៃខេត្តនេះ។

ការវាយប្រហារភាគច្រើន ត្រូវបានធ្វើឡើងដោយក្រុមបំបែកខ្លួន Baloch ជាចម្បង កងទ័ពរំដោះ បាឡូជីស្ថាន (BLA) ដែលបានបើកការវាយប្រហារដ៏ខ្លាំងក្លា រួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាត ដោយកំណត់គោលដៅលើកងកម្លាំងសន្តិសុខប៉ាគីស្ថាន និងជនជាតិចិន នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសនេះ។

ខេត្តបាឡូជីស្ថាន ដែលមានព្រំប្រទល់ជាប់ជាមួយអាហ្វហ្គានីស្ថាន នៅភាគខាងជើង និងអ៊ីរ៉ង់ នៅភាគខាងលិច បានជួបប្រទះការបះបោរកម្រិតទាបដោយក្រុមបំបែកខ្លួន Baloch និងក្រុមប្រដាប់អាវុធផ្សេងទៀត ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។
ក្រុមទាំងនេះ បានចោទប្រកាន់ទីក្រុងអ៊ីស្លាម៉ាបាដពីបទកេងប្រវ័ញ្ចធនធានរ៉ែរបស់ខេត្តនេះ ដោយមិន ផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ខ្លួន ជាការអះអាងដែលរដ្ឋាភិបាលបានបដិសេធ ដោយអះអាងថា ខ្លួនបានផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍ជាច្រើន ដើម្បីធ្វើឲ្យតំបន់នេះ ស្មើគ្នាជាមួយនឹងខេត្តដទៃ ទៀត។