ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI និងក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក DHS កាលពីថ្ងៃចន្ទ (១៣ មករា) បានព្រមានពីលទ្ធភាពនៃការគំរាមកំហែងសុវត្ថិភាពសាធារណៈពីក្រុមជ្រុលនិយមដ៏ហិង្សា ដែលអាចនឹងព្យាយាមធ្វើត្រាប់តាមការវាយប្រហារនៅថ្ងៃចូលឆ្នាំសកល ក្នុងទីក្រុង New Orleans ដែលបានសម្លាប់មនុស្សជាច្រើននាក់។

ទីភ្នាក់ងារទាំងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "FBI និង DHS បារម្ភពីការវាយប្រហារធ្វើត្រាប់ ឬការវាយប្រហារសងសឹកដែលអាចកើតមាន ដោយសារតែឧប្បត្តិហេតុថ្មីៗនេះដូចជាការបើករថយន្តបំបុកហ្វូងមនុស្ស ដែលជាយុទ្ធសាស្ត្រជំរុញចិត្តជនវាយប្រហារជ្រុលនិយម"។

ការព្រមាននេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅថ្ងៃទី២០ ខែមករា។ គួររម្លឹកថា នៅព្រឹកព្រលឹមថ្ងៃចូលឆ្នាំថ្មី មនុស្សជាច្រើនបានស្លាប់ និងរងរបួស នៅពេលបុរសម្នាក់បានបើករថយន្តភីកអាប់មួយគ្រឿងបំបុកចូលទៅក្នុងហ្វូងអ្នកដើរកម្សាន្តនៅតាមបណ្តោយផ្លូវ Bourbon ក្នុងទីក្រុង New Orleans។

ជនវាយប្រហារនោះជាទាហានជើងចាស់របស់អាមេរិក ដែលបានសន្យាភក្ដីភាពនឹងក្រុមរដ្ឋអ៊ិស្លាម ហើយទំនងជាបានធ្វើការថតសំឡេងថ្កោលទោសរឿងរ៉ាវជាច្រើន ដូចជាតន្ត្រី គ្រឿងញៀន និងគ្រឿងស្រវឹងជាដើមដើម្បីជំរុញចិត្តអ្នកផ្សេងទៀត៕