រដ្ឋសមាជិកចំនួន ៦ របស់សហភាពអឺរ៉ុប(EU) បានអំពាវនាវឲ្យប្លុកនេះ ផ្អាកជាបណ្តោះអាសន្ននូវទណ្ឌកម្មលើប្រទេសស៊ីរី ក្នុងវិស័យដូចជា ការដឹកជញ្ជូន ថាមពល និងធនាគារ។ នេះបើយោងតាមឯកសារមួយដែលសារព័ត៌មានទទួលបាន។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប គ្រោងនឹងពិភាក្សាអំពីការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសស៊ីរី ក្នុងអំឡុងពេលកិច្ចប្រជុំ នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី ២៧ ខែមករា។
ក្រុមមេដឹកនាំអឺរ៉ុប បានចាប់ផ្តើមវាយតម្លៃឡើងវិញនូវគោលនយោបាយរបស់ពួកគេ ចំពោះទីក្រុងដាម៉ាស(Damascus) បន្ទាប់ពីការទម្លាក់លោកប្រធានាធិបតី បាសា អាល់អាសាដ (Bashar al-Assad ដោយកងកម្លាំងបះបោរដឹកនាំដោយក្រុមឥស្លាមនិយម Hayat Tahrir Al-Sham (HTS) ដែលត្រូវបានកំណត់ថា ជាក្រុមភេរវករដោយសហរដ្ឋអាមេរិក និងប្រទេសភាគច្រើនផ្សេងទៀត ក៏ដូចជា អង្គការសហប្រជាជាតិជាដើម។
ឯកសារដែលចុះហត្ថលេខាដោយប្រទេសអាល្លឺម៉ង់ បារាំង ហូឡង់ អេស្ប៉ាញ ហ្វាំងឡង់ និងដាណឺម៉ាក បានឲ្យដឹងថា សហភាពអឺរ៉ុប គួរតែចាប់ផ្តើមកែសម្រួលរបបទណ្ឌកម្មរបស់យើង ជាបន្ទាន់។
ទោះជាយ៉ាងណាក៏ដោយ ឯកសារនេះ ក៏បានព្រមានថា ប្រសិនបើការរំពឹងទុករបស់សហភាពអឺរ៉ុបអំពីការគោរពសិទ្ធិមនុស្ស និងជនជាតិភាគតិច មិនត្រូវបានសម្រេចទេ ទណ្ឌកម្មបន្ថែមទៀត អាចនឹងមិនត្រូវបានដកចេញ ហើយយន្តការផ្លូវច្បាប់ អាចត្រូវបានអនុវត្តចំពោះទណ្ឌកម្មដែលត្រូវបានដកចេញរួចហើយ។