ក្លិបបិសាចក្រហម Manchester United ត្រូវបានគេដឹងថា នឹងយល់ព្រមលក់ខ្សែប្រយុទ្ធស្លាបអាហ្សង់ទីន Alejandro Garnacho ក្នុងតម្លៃមិនក្រោម ៦០ លានផោនឡើយ ស្របពេលដែលមានដំណឹងថា Napoli កំពុងចង់បាន។
Napoli ដែលកំពុងនាំមុខគេនៅលីគកំពូលអ៊ីតាលីកំពុងរកអ្នកជំនួសតំណែងកីឡាករនាំលេងរបស់ហ្សកហ្ស៊ី Kvaratskhelia ដែលគ្រោងចាកចេញទៅកាន់ក្លិបបារាំង Paris Saint Germain ក្នុងខែមករានេះ។

បើតាមសារព័ត៌មានអ៊ីតាលីបានចុះផ្សាយថា Napoli ត្រៀមលុយប្រមាណ ៤០ លានផោនជាទុនចរចាជាមួយ Manchester United តែក្លិបនៅ Old Trafford មួយនេះ ប្រហែលជានឹងបដិសេធរាល់សំណើចង់បាន Garnacho ដែលក្រោម ៦០ លានផោន។
ស្ថិតនៅក្នុងតម្លៃខ្ពស់បែបនេះ Napoli ក៏ត្រូវរង់ចាំការផ្លាស់ផ្លូវការរបស់ Kvaratskhelia ទៅ PSG ដែលត្រូវបានគេដឹងថាមានតម្លៃប្រមាណ ៨០ លានអឺរ៉ូ។
រំលឹកថា Alejandro Garnacho ដំបូងជាកីឡាករយុវជនថ្នាលរបស់ Getafe មុនពេលចាកចេញទៅ Atletico Madrid នៅឆ្នាំ ២០១៥។
ជាកីឡាករយុវជនរបស់ Atletico Madrid បានប្រាំឆ្នាំ Garnacho បានផ្លាស់មកកាន់ Manchester United នៅឆ្នាំ ២០២០ នៅក្នុងវ័យ ១៥ ឆ្នាំ មុនពេលទទួលបានឱកាសលេងឱ្យក្រុមធំនៅឆ្នាំ ២០២២ ក្នុងវ័យ ១៧ ឆ្នាំ ដោយបង្ហាញខ្លួនផ្លូវការតាំងពីពេលនោះមកសរុបបាន ៧៦ ប្រកួតរកបាន ១៣ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ
