មន្ត្រីរដ្ឋជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃចន្ទ (១៣ មករា) ថា ពួកសកម្មប្រយុទ្ធអ៊ីស្លាម សង្ស័យថាបានសម្លាប់កសិករ ៤០នាក់ នៅក្នុងការវាយប្រហារលើសហគមន៍ ឌុមបា (Dumba) ក្នុងរដ្ឋ ប័រណូ (Borno) ភាគឦសាននៃប្រទេសនីហ៊្សេរីយ៉ា កាលពីថ្ងៃអាទិត្យ។

ក្រុមសកម្មប្រយុទ្ធនោះត្រូវបានគេជឿថាជាសមាជិកក្រុមប្រដាប់អាវុធ បូកូ ហារ៉ាម (Boko Haram) និងក្រុមរដ្ឋឥស្លាមនៅអាហ្វ្រិកខាងលិច ISWAP ដែលបានធ្វើសកម្មភាពបះបោរដ៏បង្ហូរឈាមនៅភាគឦសាននីហ៊្សេរីយ៉ា ចាប់តាំងពីឆ្នាំ២០០៩ មក ដែលបានជម្លៀសមនុស្សរាប់លាននាក់ និងសម្លាប់មនុស្សរាប់ពាន់នាក់ ដោយមានរដ្ឋ Borno ស្ថិតនៅចំណុចកណ្តាលនៃភាពតានតឹងនោះ។

ការវាយប្រហារកាលពីថ្ងៃអាទិត្យ កើតឡើងស្របពេលដែលវិបត្តិស្បៀងអាហារកាន់តែអាក្រក់នៅក្នុងរដ្ឋ Borno ដែលកាន់តែធ្ងន់ធ្ងរឡើងដោយទឹកជំនន់ក្នុងខែកញ្ញា និងអសន្តិសុខ រួមទាំងការភៀសខ្លួនជាច្រើនឆ្នាំដែលបណ្តាលមកពីការបះបោរ។

លោក Usman Tar ស្នងការទទួលបន្ទុកព័ត៌មានបាននិយាយថា របាយការណ៍ដំបូងបង្ហាញថា កសិករបានចេញទៅក្រៅច្រករបៀងសន្តិសុខដែលបង្កើតឡើងដោយយោធា រួចក៏ច្រឡំចូលទៅក្នុងតំបន់មានសកម្មភាពក្រុមបះបោរ និងពោរពេញដោយគ្រាប់មីន ដែលបណ្ដាលឱ្យស្លាប់៕