តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង បានពន្យារពេលបើកសវនាការនៃការជម្រះក្តីបទចោទប្រកាន់លើប្រធានាធិបតីដែលត្រូវបានព្យួរពីតំណែង លោក Yoon Suk Yeol រយៈពេលប៉ុន្មាននាទីក្រោយមេដឹកនាំរូបនេះ មិនបានចូលរួមនៅក្នុងសវនាការតុលាការ នៅថ្ងៃអង្គារនេះ។

មេធាវី ដែលផ្តល់យោបល់ដល់លោក Yoon បាននិយាយថា ប្រធានាធិបតីដែលសំងំលាក់ខ្លួននៅក្នុង វីឡានៅជើងភ្នំរបស់លោកក្នុងទីក្រុងសេអ៊ូល រយៈពេលជាច្រើនសប្តាហ៍ មិនចូលរួមនោះទេ ដោយនិយាយថា បំណងរបស់អាជ្ញាធរដើម្បីឃាត់ខ្លួនលោក បានរារាំងលោក Yoon ពីការបង្ហាញជំហររបស់លោក នៅក្នុងសវនាការ។

សវនាការជម្រះក្តីនៅពេលបន្ទាប់ ត្រូវបានកំណត់ពេលនៅថ្ងៃព្រហស្បតិ៍ ហើយប្រសិនបើ លោក Yoon នៅសម្រេចចិត្តមិនចូលរួមក្នុងការជម្រះក្តី នោះនីតិវិធីនឹងចាប់ផ្តើមដោយក្រុមមេធាវីដែលតំណាងឱ្យលោក។
នៅខាងក្រៅតុលាការ មេធាវីម្នាក់ក្នុងចំណោមមេធាវី របស់លោក Yoon លោកYoon Kab-keun បាននិយាយថា លោកប្រធានាធិបតី នឹងសម្រេចថាតើត្រូវទៅកាន់តុលាការដោយផ្ទាល់នៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីការពិភាក្សាអំពីយុទ្ធសាស្ត្រការពារក្តីរបស់លោក ឬយ៉ាងណា។

តុលាការធម្មនុញ្ញត្រូវតែសម្រេចក្នុងរយៈពេល១៨០ថ្ងៃ ថាតើត្រូវដកលោក Yoon ចេញពីតំណែង ឬស្ដារអំណាចប្រធានាធិបតីរបស់លោកឡើងវិញ។