ឯកឧត្តមរដ្ឋលេខាធិការ ងុយ រិទ្ធ បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវឱកាសឱ្យបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស (TVET) ក៏ដូចជាទទួលបាននូវការការពារសិទ្ធិទទួលបាននូវសេវារកការងារធ្វើ និងផ្តល់នូវកិច្ចគាំពារសង្គមផងដែរ ដើម្បីជួយឱ្យមានជីវភាពកាន់តែធូរធារ មានមុខរបរ និងការងារ មានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកាន់តែប្រសើរ ហើយទទួលបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរលើមុខរបរ និងការងារ។
នៅក្នុងពិធីសន្និបាតសាមញ្ញស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមទ្រទ្រង់សេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា (ស.ស.ក) កាលពីកន្លងទៅនេះ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សមាគមក្នុងការពង្រីកសមាជិកបានកើនឡើងដល់ ៤,៣៣៦នាក់ ទីតាំងសេវាកម្សាន្តកើនដល់ ២៥៣ទីតាំង ក្នុងនោះភោជនីយដ្ឋាន និងខារ៉ាអូខេ (KTV) មានចំនួន២១៥, បៀហ្កាឌិន ចំនួន ២៤, ក្លិបកម្សាន្ត ចំនួន១២ និងឌិស្កូតែក ចំនួន២។ ជាមួយគ្នានេះ សមាគមក៏បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសអ្នកបម្រើការក្នុងផ្នែកសេវាកម្សាន្ត។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សមាគម ដូចជា៖ ត្រូវខិតខំបង្កើនជំនឿទុកចិត្តពីសមាជិកដោយបម្រើផលប្រយោជន៍ជូនសមាជិកតាមទិសដៅផែនការដាក់ចេញប្រកបដោយផ្លែផ្កាទាំងបរិមាណ គុណភាព និងប្រសិទ្ធិផល។ ត្រូវបន្តចូលរួមជំរុញការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.។ បន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្របេសកកម្មសមាគមបម្រើសមាជិក និងត្រូវបន្តកិច្ចសហការជាមួយក្រុមការងារទទួលបន្ទុកសេដ្ឋកិច្ចក្រៅប្រព័ន្ធខណ្ឌ ដើម្បីបង្កើនសកម្មភាព និងផ្តល់សេវាកម្មទាក់ទងនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បណ្ណមូលនិធិសុខាភិបាល កិច្ចការពារសិទ្ធិការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការបង្កើតការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ជាដើម៕









